រាជធានីភ្នំពេញ៖ កិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ទទួលបានលទ្ធផលជាវិជ្ជមាន ដោយភាគីទាំងពីរបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីមុន និងឯកភាពបោះបង្គោលបណ្ដោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមក្រោយកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួន ក្នុងការគាំទ្រដល់ដំណើរការវាស់វែង ខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរប្រកបដោយតម្លាភាព។
ក្នុងនោះ កម្ពុជា-ថៃ បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការបច្ចេកទេសជម្រុះព្រំដែនកម្ពុជា-ថៃ (JTSC) ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។ បន្ថែមលើពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសJBC នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា។
ពាក់ព័ន្ធនឹងព្រំដែនចំណុចភូមិជោគជ័យ និងភូមិព្រៃចាន់ ភាគីទាំងពីរបានឯកភាពបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលលេខ ៤២-៤៧ និងពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០។
សេចក្តីប្រកាសព័ត៌មានដដែលនេះក៏បង្ហាញដែរថា ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន៕