កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងគណៈប្រតិភូថៃដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា បានបញ្ចប់ហើយក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgWbHt-oDi4Pi3yCbtS-yT7HulE_p0_oMsd1_LnCZjNRQHGFA2tZoDH89a_04S5Uc1Yq1rwlNAcIb5_qvEXokQZ5GeBidW8cpelEFGh2TMgWZaSsPbokCXYke0xklovnWNAud-XSb6ARXaYjhChY_xVPa2rahnLqCW4CC8XbWvV54vSBbmkxjjIe9oNcDW/s1280/photo_2025-10-23_10-10-12.jpg
ខឹ្លមសារក្នុងសេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ JBC កម្ពុជា-ថៃ រួមមាន ៖

-ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម ។

-ភាគីទាំងពីរបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា ។

-ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទែស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹងការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី៤ ជំហានទី២ នៃ TOR ឆ្នាំ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Delection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ29Wn-81_DEXpKGpkmndhkHwZDDyRFWxlamPwboW4BVC7599C3NY-QYzPyo01MDviDv4Sh4ukbzjGIERsCXXJ4XReLMq3D17rEPi61FJG98pwSAdt4lOXf4Bx4qnHohWGDmHheiAdGWkUppFjwwK4NwAtk89g1VSgEvQYZo7wSaPKlHn8a9uJ5eN2RNa6/s1280/photo_2025-10-23_10-10-10.jpg

-ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ គឺ ៖

ក.ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47 ។

ខ.បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNCPkT-bbO-3AqOgaZf-iPnJ37HTdJr5Hfnc8R1YQSZHBgoCOoZFgK00o7YyEx33XvyvOGAZaCBuNqO47eZyx8xm1tTjOhBaJ090rmvAAIQwAcay9Ft212_BlVnmqqyOavAOi2XCsb0xQyacHTcbE4fi2xF8BFkiICZN-cnqZk3JIvCzyBMYXtWO0_i-yI/s960/photo_2025-10-23_10-10-11%20(2).jpg

គ.ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ។

ឃ.ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា៣ នៃ MOU ឆ្នាំ២០០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUBg8WPGU1itIAEUszHwd5tHeZGcPOscAt8QT-AYifYM2Xt9wTMQ2x0yxsZIeG6CGFUuYS4jHBNfWx8WtHdub3twDbyhzBY8u2sPHtNH6KkfpyOdUHHnAUrsofk1CKV_eIw_-QijRGycLa_Rar4xNM0vLIOS0rdCVkbiv0Cdf8ISk9SaD1g7NT6zTUAR7U/s1280/photo_2025-10-23_10-10-11.jpg

ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា ៕