រាជធានីភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា តាមរយៈការ “វាយផង ចរចាផង” ដោយមានទាំងការចរចាបែបការទូតនៅក្នុងកិច្ចប្រជុំផ្សេងៗជាហូរហែរ ស្របពេលដែលសកម្មភាពរុះរើផ្ទះនិងរំលោ.ភយកដីរបស់ពលរដ្ឋខ្មែរក៏កំពុងអនុវត្ត។
នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា តាមរយៈទំព័រហ្វេសរបស់លោកផ្ទាល់បានលើកឡើងថា សកម្មភាពដែលថៃកំពុងធ្វើបច្ចុប្បន្ន គឺជាយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង» ពោលគឺថៃកំពុងដាក់សម្ពាធបង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌឈ្លានពានរបស់ខ្លួន ក្នុងគោលដៅធំៗយ៉ាងតិចបួន ÷
– ទី១. ចង់បានទឹកដីខ្មែរដើម្បីបម្រើមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីខ្មែរតជំនាន់។
– ទី២. បង្ហាញសាច់ដុំ កម្លាំងបាយ និងច្បាប់ព្រៃ ដើម្បីបម្រើនយោបាយផ្ទៃរបស់ខ្លួន ទាំងសម្រាប់ពួកទាហាន ទាំងសម្រាប់ពួកស៊ីវិល ដើម្បីធម្មានុរូបនៃអំណាច និងសន្លឹកឆ្នោត។
– ទី៣. ធ្វើឱ្យទាល់ច្រកចំពោះកិច្ចខិតខំប្រឹងប្រែងការទូតនិងកិច្ចព្រមព្រៀងសន្តិភាពក្រោមអធិបីភាពរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នាពេលខាងមុខ ដើម្បីគេចវេសពីយន្តការការទូតពហុភាគី ព្រោះថៃអស់ក្រឡាអុកក្នុងយន្តការការទូតពហុភាគី និងច្បាប់អន្តរជាតិហើយ។ រដ្ឋយូកូមមួយនេះ ចង់តែប្រើច្បាប់ព្រៃ និងយន្តការទ្វេភាគីជាមួយខ្មែរ ព្រោះងាយសង្កត់កខ្មែរ ដោយសារគេមានមានប្រៀបជាងខ្មែរយើងលើវិស័យយោធា សេដ្ឋកិច្ច និងព័ត៌មាន។
– ទី៤. ចង់បំបែកផ្ទៃក្នុងខ្មែរតាមរយៈធ្វើប្រជាពលរដ្ឋខ្មែរយើងសង្ស័យលើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដី និងធ្វើឱ្យប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលទន់ជ្រាយចំពោះមុខសត្រូវឈ្លានពាន ដើម្បីឱ្យខ្មែរបែកបាក់ផ្ទៃក្នុងនិងចុះខ្សោយ ងាយស្រួលគេឈ្លានពានបន្ថែមទៀត។
លោកបណ្ឌិតក៏បានបន្ថែមជាយោបល់ទៀតថា ចំពោះមុខ កម្ពុជាយើងមិនត្រូវចា.ញ់សម្លុតថៃដោយធ្លាក់ចូលក្នុងអន្ទាក់របស់សត្រូវឈ្លានពានទេ។ យើងត្រូវកាន់ដៃគ្នាឱ្យណែនពីលើដល់ក្រោម ពីក្នុងដល់ក្រៅ ដោយរក្សាជំហរប្រកបដោយសង្គតិភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការការទូតគ្រប់ទម្រង់ ជាពិសេស ទម្រង់ពហុភាគី, យន្តការច្បាប់អន្តរជាតិ និងការលើកកម្ពស់សន្តិភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់យើង។ ទន្ទឹមនឹងនោះ យើងត្រូវបន្តប្រើប្រាស់យន្តការការទូតគ្រប់វេទិកាអន្តរជាតិទាំងអស់ គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិតប្រកបដោយសង្គតិភាព ដើម្បីលាតត្រដាងការឈ្លពានរបស់ថៃមកលើខ្មែរយើង។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែតុលា យោធាថៃបានយកគ្រឿងចក្រមកធ្វើការឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគេបានព័ទ្ធបន្លាលួសកន្លងមកនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទង្វើនេះអាចចាត់ទុកជាការឈ្លានពានទាំងកម្រោល ខណៈកម្ពុជាកំពុងអំពាវនាវឱ្យអន្ដរជាតិ ពិនិត្យមើលពីសកម្មភាពដែលគ្មានទុកច្បាប់អន្ដរជាតិនៅក្នុងភ្នែករបស់ថៃនេះផង និងថាថៃត្រូវតែទទួលខុសត្រូវឱ្យស័ក្ដិសមបំផុតចំពោះអ្វីដែលពួកគេបានធ្វើមកលើកម្ពុជា៕