ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ពលរដ្ឋថៃជាច្រើននាក់បានប្រមូលគ្នាធ្វើបាតុ.កម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីកុំឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ជ្រៀតជ្រែកជម្លោះកម្ពុជា-ថៃ និងកុំចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ។ ក្រុមបាតុករទាមទារឱ្យប្រធានាធិបតីអាមេរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ ជាពិសេស ជម្លោះព្រំដែនជាមួយកម្ពុជា ដោយសុំដោះស្រាយបញ្ហាត្រឹមទ្វេភាគី មិនត្រូវការប្រទេសទី៣ ចូលមកពាក់ព័ន្ធ ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី២២ ខែតុលា មានពលរដ្ឋថៃប្រមាណ៥០នាក់ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ បានប្រមូលផ្តុំគ្នានៅបរិវេណខាងមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីដាក់លិខិតទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅប្រទេសថៃ និងជម្លោះព្រំដែនជាមួយកម្ពុជា ។
ក្រុមបាតុករបានអានលិខិតនៅមុខស្ថានទូតអាមេរិកដែលមានខ្លឹមសារថា ប្រធានាធិបតីអាមេរិកបានចូលមកពាក់ព័ន្ធក្នុងជម្លោះកម្ពុជា-ថៃ ពួកយើងជ.នជាតិថៃសូមអរគុណលោក Trump ដែលបារម្ភពីទំនាក់ទំនងកម្ពុជា-ថៃ ប៉ុន្តែថៃជាប្រទេសមានអធិបតេយ្យភាពពេញលេញ ចង់ដោះស្រាយជម្លោះជាមួយកម្ពុជាទ្វេភាគី ។ ថៃមិនត្រូវការប្រទេសទី៣ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃជាមួយកម្ពុជាដែលមានព្រំដែនជាប់គ្នាប្រមាណ១,០០០គីឡូម៉ែត្រទេ ប្រទេសទាំងពីរមានបញ្ហាបោះបង្គោលព្រំដែនយូរហើយ ។
វាជាបញ្ហាល្អិតល្អន់ដែលប្រទេសទាំងពីរត្រូវដោះស្រាយដោយខ្លួនឯង និងមានវិធីដោះស្រាយជាមួយគ្នា គឺមានគណៈកម្មការចរចា៣កម្រិតរួចហើយ ចាប់ពីកម្រិតរដ្ឋាភិបាល កងទ័ព និងមូលដ្ឋាន ដែលគ្របដណ្តប់ការចរចាគ្រប់បញ្ហាទាំងអស់ ។ ការចូលមកពាក់ព័ន្ធរបស់លោក Trump គឺមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យជម្លោះរាលដាលខ្លាំងឡើង ។ ក្រៅពីនេះ តាមការចុះផ្សាយក្នុងសារព័ត៌មាន អាមេរិកនឹងប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ថៃនៅខេត្តផាំងង៉ា គឺក្នុងនាមជនជាតិថៃ សូមឱ្យលោកប្រធានាធិបតីអាមេរិកឈប់ប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ថៃ ពីព្រោះជាការល្មើសអធិបតេយ្យថៃ ដែលជនជាតិថៃមិនយល់ព្រម ។
ក្រុមបាតុករអំពាវនាវឱ្យលោកប្រធានាធិបតីអាមេរិកឈប់ចូលមកពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងកម្ពុជា-ថៃទាំងស្រុង ជាពិសេស កុំចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលឆាប់ៗនេះនៅម៉ាឡេស៊ី បើមិនដូច្នោះទេ ពលរដ្ឋថៃមិននៅស្ងៀមដាច់ខាត ។ ក្រុមបាតុករស្នើរដ្ឋាភិបាលថៃកំណត់បញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាជារបៀបវារៈជាតិ ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងពលរដ្ឋរងផលប៉ះពាល់មកដោះស្រាយបញ្ហារួមគ្នា ។
លើសពីនេះ ពួកគេបានដាក់សម្ពាធឱ្យរដ្ឋាភិបាលថៃបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ) ឱ្យលឿនបំផុតដើម្បីឱ្យពលរដ្ឋថៃរស់នៅ និងដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាឱ្យយល់ព្រមអនុវត្តតាមលក្ខខណ្ឌផ្សេងទៀត ដូចជា ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-រួមគ្នាដោះមីននៅតំបន់ព្រំដែន ៣-រួមគ្នាបង្ក្រាបបណ្តាញឆបោកអនឡាញនៅកម្ពុជា ។ ក្រុមបាតុករសង្ឃឹមថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃនឹងបញ្ចប់យ៉ាងឆាប់រហ័ស ដោយគ្មានប្រទេសទី៣ ជ្រៀតជ្រែក ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ពលរដ្ឋថៃក៏បានធ្វើបាតុកម្មនៅខេត្តចន្ទបុរីផងដែរ ដើម្បីប្រឆាំងនឹងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ ការធ្វើបាតុកម្មមិនឈប់ឈររបស់ពលរដ្ឋថៃ ដោយសារពួកគេមិនចង់បានសន្តិភាពនោះឡើយ និងមិនគាំទ្រឱ្យលោក Trump និងប្រធានអាស៊ានចូលរួមធ្វើសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី ៕