ប្រទេសថៃ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីការពារជាតិថៃបាននិយាយទៅកាន់សារព័ត៌មានថា បើការពិភាក្សាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី និងការពិភាក្សាក្នុងកិច្ចប្រជុំ JBC នៅថៃបរាជ័យ គឺថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីទេ ហើយថៃក៏មិនចូលរួមកិច្ចប្រជុំទៀតដែរ នេះអាចជាលើកចុងក្រោយ ។ ថៃមានវិធីជាច្រើនដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា អ្វីដែលបម្រុងនឹងកើតឡើង វាត្រូវតែកើត ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ គឺស្របពេលកម្ពុជានិងថៃបាននិងកំពុងរៀបចំកិច្ចប្រជុំ GBC និង JBC ។
លោក ណាត់ថាផុង រដ្ឋមន្ត្រីការពារជាតិសង្ឃឹមនឹងទទួលបានលទ្ធផលពីកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី ៥០% ពីព្រោះកន្លងមក លោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីការបរទេសបានជជែករួចហើយ បើកិច្ចប្រជុំ GBC លើកនេះជោគជ័យជារឿងល្អប្រសើរ និងចង់ឱ្យពលរដ្ឋយល់ពីការដោះស្រាយជម្លោះដោយសន្តិវិធី ។ ថៃនឹងពុំចាញ់ប្រៀបដាច់ខាត ប៉ុន្តែបើកិច្ចប្រជុំបរាជ័យ លោកនឹងមិនចូលរួមប្រជុំជាមួយកម្ពុជាទៀតទេ នាំតែខាតបង់ថវិកាជាតិ ។ ថៃអនុវត្តបានល្អបំផុតកន្លងមក បើកម្ពុជាមិនសហការ អ្វីដែលបម្រុងនឹងកើតឡើង វាត្រូវតែកើត ។
កម្ពុជាត្រូវតែយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន ទើបនាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ។
ប្រទេសថៃនៅតែប្រកាន់គោលជំហរយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ប្រគល់ឱ្យពលរដ្ឋថៃ បើកម្ពុជាមិនព្រមជជែកពីបញ្ហានេះក្នុងកិច្ចប្រជុំ JBC គឺថៃមិនចាប់អារម្មណ៍ទេ ថៃចង់បានកន្លែងណា ត្រូវតែយកកន្លែងនោះ ។ ហេតុនេះ បើកិច្ចប្រជុំ GBC និង JBC លើកនេះបរាជ័យ គឺគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីក្នុងខែតុលាទេ វាអាចជាកិច្ចប្រជុំលើកចុងក្រោយ ថៃនឹងមិនចូលរួមប្រជុំទៀតឡើយ ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជានិងថៃបាននិងកំពុងរៀបចំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បា.ញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព ស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕