ទីក្រុងសេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់វៀតណាម កំពុងរងការថ្កោលទោ.សយ៉ាងធ្ងន់ធ្ងរ ក្រោយប្រព្រឹត្តសកម្មភាពមិនសមរម្យ ដោយបានប្រើកាយវិការ និងពាក្យសំដីបំពានទៅលើនារីម្នាក់ដែលមន្រ្តីរាជការបស់កូរ៉េខាងត្បូងដោយចេតនា នៅក្នុងកិច្ចប្រជុំដ៏ពិសេសមួយលកាលពីខែមុន ដែលមានអ្នកចូលរួមមកពី 68ប្រទេស។
នៅថ្ងៃទី21 ខែតុលា ឆ្នាំ2025 សារព័ត៌មានរបស់កូរ៉េខាងត្បូងបានចុះផ្សាយយ៉ាងផុសផុល ក្រោយករណីនៃការបៀតបៀនកេរ្តិ៍ខ្មាសលើមន្រ្តីរាជការនារីកូរ៉េម្នាក់ ពីសំណាក់អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់វៀតណាម កាលពីខែមុនបានបែ.កធ្លាយ ដែលធ្វើឲ្យវាក្លាយជាប្រធានបទជជែកដេញដោលពេញប្រព័ន្ធផ្សព្វផ្សាយ និងទាមទារឲ្យរដ្ឋាភិបាលរបស់វៀតណាមចេញមកបកស្រាយ និងទទួលសុខត្រូវចំពោះបញ្ហានេះ។
យោងតាមអត្ថបទចុះផ្សាយរបស់សារព័ត៌មាន Yonhap បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Hoang Xuan Chien ដែលបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងឱកាសនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (SDD) ត្រូវបានគេរាយការណ៍ថា បានប៉ះពាល់រាងកាយមិនសមរម្យលើនារីជាមន្រ្តីរាជការរបស់កូរ៉េខាងត្បូងម្នាក់ ដែលជាអ្នកលើកម្ហូបអាហារនៅក្នុងកម្មវិធីទទួលទានអាហារពេលល្ងាចជុំគ្នា រវាងមន្ត្រីយោធាជាន់ខ្ពស់មកពីកូរ៉េខាងត្បូង និងវៀតណាមកាលពីថ្ងៃទី 11 ខែកញ្ញា។
បើតាមពាក្យសំដីរបស់នារីរងគ្រោះបានឲ្យដឹងថា «នៅកំឡុងពេលអាហារពេលល្ងាច លោក Hoang Xuan Chien បានអង្គុយនៅតុផ្សេងទេ ប៉ុន្តែសុខៗគាត់បែរជាបានមកអង្គុយពីក្រោយនាងដោយចេតនា» នាងបានបន្ថែមថា «គាត់បានព្យាយាមមកសំណេះសំណាលជាមួយខ្ញុំ ហើយបន្ទាប់មក គាត់បានប៉ះពាល់លើរាងកាយ និងប្រើពាក្យសំដីមិនសមរម្យជាច្រើនមកកាន់ខ្ញុំ»។
គួរបញ្ជាក់ថា នៅពិធីនោះក៏មានទទួលគ្រឿងស្រវឹងសម្រាប់ភ្ញៀវដែលបានចូលរួមផងដែរ។ យ៉ាងណាក៏ដោយ នៅមួយថ្ងៃបន្ទាប់ពីកើតមាននូវបញ្ហានេះ អនុរដ្ឋមន្រ្តីវៀតណាមរូបនេះបានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េបាត់ទៅហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍បន្ទាប់ពីកើតមានបញ្ហានេះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចាត់ទុកបញ្ហានេះ គឺបញ្ហារឿងធ្ងន់ធ្ងរមួយ ដោយបន្ទាប់ពីនោះបាន 8ថ្ងៃ ក្រសួងការពារជាតិកូរ៉េ បានកោះហៅអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកូរ៉េខាងត្បូងមកជួប ដើម្បីធ្វើការតវ៉ា។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកូរ៉េ បានថ្កោលទោសចំពោះទង្វើរបស់អនុរដ្ឋមន្ត្រីវៀតណាមរូបនេះ និងស្នើឱ្យប្រទេសវៀតណាមចាត់វិធានការទប់ស្កាត់ការកើតឡើងវិញ ហើយភាគីវៀតណាមក៏បានបង្ហាញពីចេតនាយល់ស្របតាមការទាមទាររបស់កូរ៉េខាងត្បូងផងដែរ។
បញ្ហាមួយនេះបានធ្វើឲ្យវៀតណាមអាម៉ាសមុខនៅចំពោះមុខអន្តរជាតិជាខ្លាំង ដែលមិនគួរណាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ខ្លួនម្នាក់ ហ៊ានប្រព្រឹត្តទង្វើគ្មានសីលធម៌ នៅក្នុងកម្មវិធីអន្តរជាតិដ៏ធំមួយ និងមានអ្នកចូលរួមសុទ្ធតែជាអ្នកការទូតតំណាងប្រទេសជាច្រើនបែបនេះសោះ៕