ថៃនៅតែខ្វែងគំនិតគ្នាលើការចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែន តំបន់ភូមិព្រៃចាន់និងភូមិជោគជ័យ ដោយមានមតិរបស់ក្រុមជ្រុលនិយមមួយចំនួនជំរុញឲ្យបន្តអំពើទុច្ចរិតនេះ ស្របពេលដែលមតិជាច្រើនផ្សេងទៀតជំទាស់ឲ្យបញ្ឈប់ ព្រោះខ្លាចថាថៃនឹងលង់ខ្លួនកាន់តែជ្រៅជាមួយនឹងសកម្មភាព រំលោ.ភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយដែលមានឈ្មោះ Thai Enquirer បានទទួលស្គាល់ថា សកម្មភាពបើកសម្លេងលឺខ្លាំងៗពីសំណាក់ភាគីថៃនៅតាមព្រំដែនដែលកៀកនឹងកន្លែងពលរដ្ឋខ្មែរំពុងស្នាក់នៅបណ្ឌោះអាសន្ន ដើម្បីឲ្យពួកគេសម្រាកមិនបាននោះ គឺពិតជាខុសច្បាប់អន្តរជាតិខ្លាំងណាស់។ នៅក្នុងការចុះផ្សាយនោះ Thai Enquirer បានសរសេថា «កងទ័ពថៃនៅតែអនុញ្ញាតឱ្យមានការផ្សាយសំឡេងខ្លាំងៗទៅកាន់ជនសុីវិលកម្ពុជានៅបានណងចាន់ ក្បែរភូមិជោគជ័យ ដោយរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)»។
សារព័ត៌មាននេះបានគូសបញ្ជាក់ទៀតថា «ច្បាប់ទាំងនេះ គឺសម្រាប់ការពារជនស៊ីវិលពីការយាយី ការបំភិតបំភ័យ ការបង្កគ្រោះថ្នាក់ និងកាតព្វកិច្ចរដ្ឋក្នុងការធានាសិទ្ធិរបស់បុគ្គលទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។»
សូមជម្រាបថា ការលើកឡើងរបស់សារព័ត៌មាននេះ ធ្វើឡើងក្រោយពេលដែល ក្រុមជនស៊ីវិលថៃមកពី ខេត្ត Ratchaburi, Kanchanaburi និង Nonthaburi រួមទាំងក្រុមរាជានិយមជ្រុលដែលដឹកនាំដោយ Guntouch Pongpaiboonwet បានប្រមូលផ្ដុំគ្នានៅបានណងចាន់ ជាមួយនឹងរថយន្តដែលបំពាក់សុទ្ធតែមេក្រូបំពងសម្លេងធំៗ ត្រៀមបើកប្រតិបត្តិការបើកសម្លេងតម្លង់ពលរដ្ឋខ្មែរសារជាថ្មី ក្រោយផ្អាកសកម្មភាពអសីលធម៌នេះបានទើបតែ ៣ថ្ងៃ។
ក្នុងយុទ្ធនាការនេះ ពួកគេមានផែនការចាក់សម្លេងភ្លេងជាតិថៃ ចាក់បញ្ចាំងភាពយន្តឯកសារ ស្ថីពីប្រវត្តិសាស្ត្រនៃជំរុំជនភៀសខ្លួន “នងចាន់” ដែលគេស្គាល់ថាជំរុំលេខ ៥១១ និងចាក់សម្លេងរំខានផ្សេងៗចាប់ពីថ្ងៃរហូតដល់យប់។ ក្រុមជ្រុលនិយមទាំងនេះបានបញ្ជាក់ថា ពួកគេនឹងបើកសម្លេងលឺៗបែបនេះ ២៤ម៉ោងលើ ២៤ម៉ោង សម្រាប់ឲ្យអ្នកទន្ទ្រានដែនអធិបតេយ្យភាពថៃបានស្តាប់ពេញមួយថ្ងៃ។ សកម្មភាពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ តុលា ដល់ថ្ងៃទី១៩ តុលា ។
យ៉ាងណាក៏ដោយ បើយោងតាមសេចក្តីរាយការណ៍មួយចំនួនបានបង្ហាញថា ឥឡូវនេះសម្លេងរំខានរបស់ថៃបានបង្កើនការព្រួយបារម្ភនៅក្រោមច្បាប់អន្តរជាតិទាក់ទងនឹងការការពារជនស៊ីវិលពីផលប៉ះពាល់ផ្លូវចិត្ត តាមរយៈការស្ដាប់សម្លេងខ្លាំងៗ និងការខកខានមិនបានសម្រាក។
ឆ្លើយតបនឹងសកម្មភាពនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់សំណើរទៅកាន់ឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឱ្យចុះសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ ពាក់ព័ន្ធនឹងការប្រើសំឡេងរំខានជាបន្តបន្ទាប់ក្នុងការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕