តារាចម្រៀង លីម តិចម៉េង ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថាលោកបានបង្ហោះសំណេរជាញឹកញាប់នៅលើផេកផ្លូវការរបស់ខ្លួនអំពីជម្លោះព្រំដែន រួមទាំងទាហានទាំង១៨នាក់ដែលពុំទាន់វិលត្រឡប់មកមាតុភូមិអ្វី។ ឃើញការបង្ហោះរបស់ខ្លួនមិនដកដៃបែបនេះ តិចម៉េង បានសុំចិត្តទស្សនិកជនកុំធុញឬខឹងលោកព្រោះតែបង្ហោះរឿងជាតិច្រើន។
នៅយប់ថ្ងៃទី១៤ ខែតុលា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤បានបង្ហោះសំណេរថា«បើខ្ញុំបង្ហោះរឿងជាតិច្រើនសូមបងប្អូនកុំធុញ កុំខឹងខ្ញុំអី ធ្វើម៉េចបើស្រុកទេសមិនទាន់សុខសាន្តពេញលេញទេ ទហានជួរមុខ បងប្អូននៅតំបន់ប្រឈមសូម្បីតែដេកក៏មិនបានផង នៅមានទាហាន១៨នាក់ទៀតគេឃាត់ខ្លួន ៧៧ថ្ងៃទៅហើយ បងប្អូនខ្មែរយើងមួយចំនួនតូចឆាប់ភ្លេចដូចគេថាមែន។ បើខ្ញុំមិនខំប្រឹងដាស់តឿនរំលឹកបន្ថែមទៀតទេសូម្បីតែខ្ញុំខ្លួនឯងក៏មានអារម្មណ៍ថាអាត្មានិយមខ្លួនឯងដែរ »។
តារាចម្រៀង លីម តិចម៉េង បានបន្ថែមទៀតថា ទស្សនិកជនទ្រាំបន្តិចទៀតទៅពេលណាស្រុកទេសសុខសាន្តពេញលេញវិញ លោកនឹងរវល់ច្រើនជាមួយការងារអ្នកចម្រៀងហើយលោកនឹងមិននិយាយច្រើនរំខានការសប្បាយអ្នកមួយចំនួននៅតាមតាមបណ្តាញសង្គមទៀតទេ។
ក្រោយពីបញ្ចេញសំណេរខាងលើនេះហើយអ្នកគាំទ្របានជំរុញឱ្យ លីម តិចម៉េង បន្តសកម្មភាពបែបនេះបន្តទៀត ហើយការដាស់តឿនជារឿយៗបែបនេះគឺជាសញ្ញាល្អ ខណៈអ្នកគាំទ្របញ្ជាក់ថាពួកគេមិនធុញនោះទេ៕