ដូចប្រិយមិត្តជ្រាបមកហើយថា ខ្មែរមួយជីវិត ពុំបានចូលរួមក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងរ៉េបក្រោមការរៀបចំរបស់ផលិតកម្មបារមីនោះទេខុសពីការប្រកួតលើកមុន។ ទោះយ៉ាងណា ដ្បិតតែមិនចូលរួមគម្រោងលើកនេះ ខ្មែរមួយជីវិត បានបង្ហោះអបអរសាទរចំពោះវត្តមាន វីតូ ដែលត្រូវបានជ្រើសរើសធ្វើជា Captain មួយរូបក្នុងកម្មវិធី។
នៅថ្ងៃទី១៤ ខ្មែរមួយជីវិត បានបង្ហោះវីដេអូមួយជាមួយនឹង វីតូ អមដោយសេចក្តីសោមនស្សថា «អបអរសាទរប្អូនប្រុស Vito បងមានមោទនភាពចំពោះប្អូនប្រុស ទេពកោសល្យរបស់ប្អូនសមនឹងទទួលបានការទទួលស្គាល់»។
ទទួលបានការអបអរបែបនេះ វីតូ បានចូលទៅខម្មិនលើការបង្ហោះរបស់ ខ្មែរមួយជីវិត ថា «អគុណបង ១០ ដង »។ វីតូ ត្រូវបានពណ៌នាថាលោកគឺមនុស្សដែលមានពហុជំនាញ ដូចជា តារាចម្រៀង អ្នកនិពន្ធ និងអ្នកកែសម្រួលតន្ត្រីជាមួយទេពកោសល្យកម្រិតខ្ពស់មួយរូប។ កាលពីមុនអ្នកទាំងពីរធ្លាប់បានសហការជាមួយគ្នាផងដែរ។
គួរឱ្យដឹងថា វីតូ បានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត។ សម្រាប់បទចម្រៀងលេចធ្លោរបស់ វីតូ នៅលើទីផ្សារគឺ «ONE SECOND» សហការជាមួយនឹង M-Fatt និងបទ «STILL ZIN II» សហការជាមួយនឹង នរិទ្ធ និងបទមួយចំនួនទៀត។ មិនត្រឹមតែមានស្នាដៃដូចអ្វីដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែ វីតូ គឺមានស្នាដៃជាច្រើនទៀតនៅពីក្រោយបទចម្រៀងល្បីៗជាច្រើន៕