តារាចម្រៀងឡាវ Thin Lamphone ដែលធ្លាប់មកសម្តែងនៅកម្ពុជារួមទាំងធ្លាប់សហការជាមួយនឹងតារាចម្រៀង វណ្ណដា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាថ្មីនៅពេលនាងបានរាំបទចម្រៀងកំពុង Trend របស់តារាចម្រៀង ឱក សុគន្ធកញ្ញា។
មួយរយៈចុងក្រោយនេះនៅលើបណ្តាញសង្គមទិកតុកមានការផ្ទុះកក្រើកយ៉ាងខ្លាំងទៅលើបទចម្រៀង «ចង់ស្រែកខ្លាំងៗ» របស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលមានការ Remix ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ នៅលើបណ្តាញសង្គមទិកតុកកំពុងតែពេញនិយមយ៉ាងខ្លាំងទៅលើបទចម្រៀង Remix ពីបទដើមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយមានជនជាតិចិន ថៃ ឡាវ វៀតណាម ជាដើមចូលរួមលេង។
ទន្ទឹមនឹងចម្រៀងខាងលើកំពុង Trend ទស្សនិកជនសង្កេតឃើញថាតារាចម្រៀងឡាវ Thin Lamphone និងមនុស្សជិតស្និទ្ធក៏បានចូលរួមលេង Trend នេះដូចគ្នា។ ក្រោយពីតារាចម្រៀងឡាវរូបនេះលេងទិកតុកបទចម្រៀងរបស់ ឱក សុគន្ធកញ្ញា អ្នកគាំទ្រកម្ពុជាក៏បានចូលទៅបង្ហាញការស្រលាញ់ផងដែរ។ គួរឱ្យដឹងថាក្នុងបរិបទថ្មីមានបទចម្រៀងខ្មែរជាច្រើនដែលផ្ទុះការគាំទ្រមានការលេងនៅលើគណនីទិកតុកយ៉ាងផុសផុល។ នេះជាសញ្ញាវិជ្ជមានមួយសម្រាប់តន្រ្តីនៅកម្ពុជាដែលកំពុងរីកលូតលាស់ទៅមុន។
តារាចម្រៀងឡាវ Thin lamphone បានសហការជាលើកដំបូងជាមួយនឹងតារាចម្រៀង វណ្ណ តាមរយៈបទ « LOVE SICK BLUE »ដែលបានចេញកាលពីខែមីនា ឆ្នាំ២០២៥ ដែលមកទល់ពេលនេះមានការស្តាប់លើសពី ៦.៥លានដង។ តារាចម្រៀងឡាវរូបនេះក៏ធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាផងដែរ៕