ប្រទេសហ្វីលីពីន ៖ ការិយាល័យអង្កេតភូមិសាស្ត្រអាមេរិករាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ នៅតំបន់មាត់សមុទ្រភាគអាគ្នេយ៍កោះមិនដាណៅ ប្រទេសហ្វីលីពីន ដែលចំណុចកណ្តាលគ្រោះរញ្ជួយដីស្ថិតនៅឆ្ងាយពីទីក្រុងតាវៅ ប្រមាណ១២៣គីឡូម៉ែត្រ និងមានជម្រៅជាង៥៨គីឡូម៉ែត្រ ។ ហេតុការណ៍នេះបណ្តាលឱ្យអគារមួយចំនួនខូចខាត ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬស្លា.ប់ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។
ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរក្នុងតំបន់បានប្រកាសអាសន្នអាចមានរលកយក្សស៊ូណាមិបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ហេតុនេះ ពលរដ្ឋហ្វីលីពីនរស់នៅតំបន់មាត់សមុទ្រក្នុងខេត្តទាំង៧ ត្រូវជម្លៀសចេញពីតំបន់ហានិភ័យជាបន្ទាន់ ។ នៅតំបន់ខ្លះរបស់ហ្វីលីពីន រលកសមុទ្រមានកម្ពស់ចាប់ពី១ម៉ែត្រ ទៅ៣ម៉ែត្រ ខណៈតំបន់មាត់សមុទ្រមួយចំនួននៅឥណ្ឌូណេស៊ី រួមទាំងប្រជុំកោះប៉ាឡៅ រលកសមុទ្រមានកម្ពស់១ម៉ែត្រ ។
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងរយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពីហ្វីលីពីនរងគ្រោះដោយសាររញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេល១០ឆ្នាំ កម្រិត៦.៩រិចទ័រ ដែលបណ្តាលឱ្យពលរដ្ឋហ្វីលីពីននៅកោះសេប៊ូ បាត់បង់ជីវិតរហូតដល់៧២នាក់ ។ មន្ត្រីឧតុនិយម និងបង្ការគ្រោះមហន្តរាយហ្វីលីពីនបានប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមជម្លៀស ។
ប្រទេសហ្វីលីពីនតែងតែមានបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីខ្លាំងក្លាជាញឹកញាប់ ដោយសារមានទីតាំងស្ថិតនៅលើបន្ទាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់ភ្នំភ្លើង និងរញ្ជួយដីសកម្មបំផុតក្នុងពិភពលោក ។ បន្ទាត់ភ្លើងនេះមានប្រវែងរហូតដល់៤ម៉ឺនគីឡូម៉ែត្រព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាប្រភព¬ភ្នំភ្លើងជាងពាក់កណ្តាលនៃពិភពលោក ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានគ្របដណ្ដប់ផ្នែកខ្លះរបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ ហើយឥណ្ឌូណេស៊ីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ ដែលអាចកើតឡើងនៅតំបន់ស៊ុឡាវេស៊ីខាងជើង និងតំបន់ប៉ាពួ ស្ថិតនៅឆ្ងាយពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីជាង៣០០គីឡូម៉ែត្រ ៕