តូក្យូ៖ ប្រទេសជប៉ុនកំពុងអភិវឌ្ឍ រថភ្លើងល្បឿនលឿនប្រភេទ Maglev (Magnetic Levitation) ថ្មី ដើម្បីភ្ជាប់ទីក្រុង តូក្យូ ដែលនៅភាគខាងកើតនៃកោះហុងស៊ូ និងទីក្រុងណាហ្គូយ៉ា នៅកណ្ដាលប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ២៨៥ គីឡូម៉ែត្រ ពីគ្នា។ រថភ្លើងថ្មីនេះប្រើបច្ចេកវិទ្យា Magnetic Levitation ដើម្បីឲ្យរថភ្លើងរត់លើផ្លូវដែកដោយមិនប៉ះផ្ទាល់ ធ្វើឲ្យចលនារលូន និងស្ងាត់ជាងមុន។
រថភ្លើង Maglev នេះអាចឆ្លងកាត់ចម្ងាយបានលឿនជាងរថភ្លើងល្បឿនលឿន Shinkansen ផ្សេងទៀត ជាពិសេស ល្បឿនរបស់វាអាចលឿនដល់ទៅជិត ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងតូក្យូ និងណាហ្គូយ៉ា ច្រើនជាងមួយម៉ោងបើប្រៀបធៀបនឹងរថភ្លើងល្បឿនលឿនបច្ចុប្បន្ន។
ចំណុចសំខាន់មួយនៃរថភ្លើងថ្មីនេះគឺ កៅអីរបស់វាមិនអាចបត់ត្រឡប់បានឡើយ (non-reclining seats)។ ការរចនាកៅអីនេះមានគោលបំណង បង្កើនកន្លែងសម្រាប់ជង្គង់ និងផ្តល់បទពិសោធន៍ងាយស្រួលសម្រាប់អ្នកដំណើរ ខណៈពេលធ្វើដំណើរអាចប្រហែល ៤០នាទី។ ក្រៅពីកៅអីច្នៃប្រឌិត រថភ្លើង Maglev ថ្មីនេះក៏មាន ផ្ទៃក្នុងធំទូលាយ ទំនើប និងមានសំឡេងស្ងាត់ល្អទៀតផង ដែលផ្តល់ឲ្យអ្នកដំណើរមិនមានអារម្មណ៍រំខាន និងស្ងប់ស្ងាត់។
គួរបញ្ជាក់ថា រថភ្លើង Maglev គឺជាផ្នែកមួយនៃផែនការរបស់ជប៉ុនក្នុងការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភ្ជាប់ទីក្រុងធំៗជាមួយគ្នា។ អ្នកជំនាញព្យាករណ៍ថា រថភ្លើងនេះនឹងកាត់បន្ថយពេលវេលារវាងតូក្យូ និងណាហ្គូយ៉ា និងផ្តល់បទពិសោធន៍ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនប្រកបដោយសុវត្ថិភាព និងស្រួលសម្រាប់ប្រជាជន។

សូមរំលឹកថា គម្រោង Chūō Shinkansen Maglev បានរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន JR Central (Central Japan Railway Company) ដោយចាប់ផ្តើមតាំងពី ឆ្នាំ ២០១៤ មកម្លេះ នឹងរំពឹងថានឹងបើកដំណើរការនៅ ឆ្នាំ ២០២៧។ ប៉ុន្តែដោយសារបញ្ហាបរិស្ថាន និងការអនុញ្ញាតសំណង់នៅតំបន់ភ្នំ Shizuoka គេរំពឹងជាថ្មីថា ការបើកដំណើរការនឹងអាចផ្លាស់ទៅឆ្នាំ ២០៣០ ឬក្រោយនោះបន្តិច៕