តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា នៅថ្ងៃនេះ (ថ្ងៃទី១០ ខែតុលា) គឺជាថ្ងៃដែលពលរដ្ឋថៃ ជាពិសេស ពលរដ្ឋនៅខេត្តស្រះកែវ រង់ចាំតាមដានគោលជំហររបស់កងទ័ព និងរដ្ឋាភិបាលថៃ រួមទាំងតាមដានគោលជំហររបស់កម្ពុជា ថាតើនឹងចាត់វិធានការបែបណានៅតំបន់ព្រំដែនខេត្តស្រះកែវ? តើកម្ពុជានឹងអនុវត្តតាមការដាក់លក្ខខណ្ឌរបស់កងទ័ពភូមិភាគ១ថៃដែរឬទេ ដែលកងទ័ពថៃអះអាងខ្លួនធ្វើតាមលទ្ធផលកិច្ចប្រជុំ GBC ។
ចំណែកភាគីថៃបានត្រៀមកម្លាំងទ័ពរួចអស់ហើយ ថៃនឹងចាត់វិធានការនៅតំបន់ព្រំដែនខេត្តស្រះកែវពីកម្រិតស្រាលទៅធ្ងន់ រួមទាំងអនុវត្តតាមគោលការណ៍អន្តរជាតិដែលពិភពលោកទទួលស្គាល់ ។ ទូរកុងតឺន័ររបស់ Influencer ថៃ លោក កាន់ ចមផ្លាំង ចំនួន៦០គ្រឿងយកពីខេត្តឈុនបុរី ក៏ត្រៀមបញ្ជូនមកកាន់ខេត្តស្រះកែវផងដែរ ដើម្បីយកមកតម្រៀបជារបងនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភូមិណងចាន់ (ថៃ) ទល់មុខនឹងតំបន់ភូមិជោគជ័យ (កម្ពុជា) ដើម្បីជាជំនួយដល់កងទ័ពភូមិភាគទី១ថៃដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ ខែតុលានេះ ។
កាលពីរសៀលថ្ងៃទី៩ ខែតុលា ពលរដ្ឋថៃនៅភូមិណងយ៉ាកែវ ទល់មុខភូមិព្រៃចាន់ (កម្ពុជា) បានប្រមូលផ្តុំគ្នាប្រមាណ១០០នាក់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ពលរដ្ឋថៃនៅភូមិណងយ៉ាកែវ ត្រៀមខ្លួនធ្វើសកម្មភាពប្រសិនបើកងទ័ពបញ្ជាមក និងត្រៀមរបស់របរប្រើប្រាស់ចាំបាច់ជម្លៀសចេញពីភូមិភ្លាមៗពេលមានការប៉ះទង្គិច ។
ដោយឡែក ពលរដ្ឋថៃនៅភូមិណងចាន់ ត្រង់បង្គោលព្រំដែនលេខ៤៨ ដល់លេខ៤៩ បាននាំកងកម្លាំងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ មកពិនិត្យមើលភូមិរបស់ខ្លួន ដោយចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យ ។ ពួកគេជំរុញឱ្យបណ្តេញពលរដ្ឋខ្មែរចេញជាបន្ទាន់ និងគាំទ្រកងទ័ពថៃដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។
គួរបញ្ជាក់ថា កងទ័ពភូមិភាគ១ថៃ និងអភិបាលខេត្តស្រះកែវ បានដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ និងតំបន់ភូមិណងយ៉ាកែវ មុនថ្ងៃទី១០ ខែតុលា បើមិនដូច្នោះទេ ភាគីថៃនឹងបញ្ឈប់ការចរចាជាមួយកម្ពុជា ។
នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានគាំទ្រការដាក់លក្ខខណ្ឌនេះ ហើយលោកប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា លុះត្រាតែកម្ពុជាយល់ព្រមដកថយអាវុធធុនធ្ងន់ ដោះមីន បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ទើបថៃចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ ៕