ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនចង់បានសន្តិភាពយូរអង្វែង ប៉ុន្តែកម្ពុជាត្រូវសហការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស ការដកថយអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News ឱ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាទៅក្រសួងការបរទេសរបស់ខ្លួនដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយប្រកាន់នូវគោលការណ៍សន្តិភាព និងរក្សាអធិបតេយ្យ ។ រដ្ឋាភិបាលថៃនឹងចាត់វិធានការទាំងអស់ក្នុងក្របខ័ណ្ឌច្បាប់ គោលការណ៍អន្តរជាតិដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យជាតិ ។
នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយក្រោយពីប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថា វាជាកិច្ចប្រជុំ Working Meeting ដើម្បីត្រៀមខ្លួនចរចាជាមួយកម្ពុជា ព្រមទាំងឆ្លើយតបលិខិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ រដ្ឋាភិបាលថៃបានឆ្លើយតបទៅប្រធានាធិបតីអាមេរិកវិញ ដោយបញ្ជាក់នូវគោលជំហរថៃចង់បានសន្តិភាពយូរអង្វែង ហើយប្រទេសទាំងពីរត្រូវសហការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស ការដកថយអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបាននិយាយពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បង្ហាញគោលជំហរគាំទ្រកម្ពុជាក្នុងការរក្សាអធិបតេយ្យ ថាជាសិទ្ធិរបស់ប្រទេសនីមួយៗ ប៉ុន្តែថៃចាត់ទុកជម្លោះព្រំដែន គឺជាបញ្ហាផ្ទៃក្នុងរវាងកម្ពុជា-ថៃ ។ លោក អនុថីន ជឿជាក់ថា គ្រប់ប្រទេសចង់ឃើញភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា ហើយរដ្ឋាភិបាលថៃនឹងចាត់វិធានការទាំងអស់ក្នុងក្របខ័ណ្ឌច្បាប់ គោលការណ៍អន្តរជាតិដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យជាតិ ។
ក្រសួងការបរទេសថៃមានអំណាចពេញលេញក្នុងការចរចាការទូតដើម្បីផ្តល់ប្រយោជន៍ខ្ពស់បំផុតដល់ប្រទេសថៃ ខណៈកងទ័ពថៃមានតួនាទីគ្រប់គ្រងតំបន់ព្រំដែន ។ បញ្ហាសំខាន់បំផុត គឺសុវត្ថិភាពពលរដ្ឋ និងរក្សាអធិបតេយ្យជាតិ ដោយការអនុវត្តវិធានការទាំងអស់ត្រូវតែគោរពគោលការណ៍មនុស្សធម៌ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ដើម្បីឱ្យស្ថានការណ៍ព្រំដែនធូរស្រាលឡើងវិញ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ លោក Trump បានក្លាយជាប្រធានាធិបតីសន្តិភាពក្រោយពីបញ្ចប់សង្គ្រាមជាច្រើនប្រទេស រួមទាំងសង្គ្រាមកម្ពុជា-ថៃ លោកចង់ឃើញថៃគោរពច្បាប់អន្តរជាតិ មិនបំពានប្រទេសជិតខាងដែលមានពលរដ្ឋតិចជាងខ្លួន ៕