កងទ័ពឈ្លា.នពានថៃតែងតែចោទប្រកាន់ទាំងបំពានគ្មានការពិតថា កម្ពុជាបង្កប់មីនថ្មីលើទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសដាច់ជើងជាបន្តបន្ទាប់ពេលល្បាតខុសផ្លូវនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ លើសពីនេះ ក្រសួងការបរទេស និងសារព័ត៌មានថៃ ព្យាយាមប្រឌិតរឿងបង្កប់មីនទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់អាក្រក់របស់ពួកគេ សំណួរសួរថា បើកងទ័ពថៃល្បាតលើទឹកដីថៃ ហេតុអ្វីជាន់មីន? ហេតុអ្វីកងទ័ពកម្ពុជាអាចចូលទៅបង្កប់មីនលើទឹកដីថៃបាន បើកងទ័ពថៃពង្រាយកម្លាំងយាមកាមនៅតាមព្រំដែនយ៉ាងតឹងរ៉ឹង ។
កាលពីថ្ងៃទី៨ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនេះ ថៃនឹងពុំចរចាសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានដាច់ខាត ទោះជាប្រធានាធិបតីអាមេរិកស្នើឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្តី ។ នៅថ្ងៃដដែល កងទ័ពភូមិភាគទី១ថៃបានចេញសេចក្តីប្រកាសដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ នៅថ្ងៃទី១០ ខែតុលា ដោយអះអាងថៃដោះមីនតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC ។
កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ តាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមក ។ ការដោះមីនមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែន ។ ហេតុនេះ កងទ័ពថៃនឹងដំណើរការដោះមីននៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន និងភូមិណងកែវ ឃុំឃូកសូង ស្រុកឃូកសូង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។
អតីតមេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយកន្លងមកថា មីនដែលកងទ័ពខ្លួនជាន់គឺជាប្រភេទ PMN-2 សល់ពីសម័យសង្គ្រាម ប៉ុន្តែក្រោយមក ក៏ក្រឡាស់សម្តីវិញថា មីននោះទើបបង្កប់ថ្មីៗ គឺកងទ័ពកម្ពុជាលួចបង្កប់ក្នុងទឹកដីថៃ ។ ទោះជាក្រសួងការបរទេសកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់សល់ពីសម័យសង្គ្រាម និងសំណូមពរឱ្យកងទ័ពថៃដើរល្បាតត្រឹមទឹកដីរបស់ខ្លួន ប៉ុន្តែថៃនៅតែចោទប្រកាន់គ្មានមូលដ្ឋានមកលើកម្ពុជា ថាបង្កប់មីនថ្មីនៅព្រំដែន ។
មានសំណួរសួរថា តើកងទ័ពកម្ពុជាអាចចូលបង្កប់មីនក្នុងទឹកដីថៃដោយរបៀបណា បើកងទ័ពថៃយាមល្បាតទាំងយប់ទាំងថ្ងៃ? នេះបញ្ជាក់ថា កងទ័ពថៃបានល្បាតហួសបន្ទាត់ព្រំដែនទើបជាន់មីន ហើយស្រែកប្រាប់ពិភពលោក ថាកម្ពុជាបង្កប់មីន ។ ពិភពលោកមិនខ្វល់ស្តាប់សម្តីរបស់ថៃទៀតឡើយ ពីព្រោះពិភលោកដឹងអស់ហើយ នេះជាល្បិចចាស់ដដែលៗរបស់ថៃដែលរៀបចំឆាកល្ខោនឱ្យខ្លួនក្លាយជាជនរងគ្រោះ ។
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ៕