ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន និយាយថា មិនជំទាស់នឹងប្រធានាធិបតីអាមេរិកដែលចង់ជំរុញសន្តិភាពកម្ពុជា-ថៃ ។ ប៉ុន្តែថៃប្រកាន់យកផលប្រយោជន៍របស់ខ្លួន និងចរចា លុះត្រាតែកម្ពុជាយល់ព្រមជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនជាប់ខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ។
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយក្រោយពីសារព័ត៌មានបរទេសចុះផ្សាយពីប្រធានាធិបតីអាមេរិក លោក Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលា ថា ថៃមានគោលជំហរច្បាស់លាស់ គឺថៃនឹងចរចា ដរាបណាកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនជាប់ខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ប៉ុណ្ណោះ ។ ទោះបីលោក Trump មានគោលបំណងល្អជំរុញសន្តិភាពរវាងកម្ពុជា-ថៃក្តី ប៉ុន្តែកម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ។
លោក អនុថីន និយាយបំភ្លៃថា ថៃជាប្រទេសរងគ្រោះ និងរងការឈ្លានពាន ហេតុនេះ ការចរចាអាចកើតឡើងបាន ដរាបណាកម្ពុជាអនុវត្តតាមលក្ខខណ្ឌថៃទាំងអស់ រួមមាន ៖ ដកថយកម្លាំងទ័ព និងអាវុធចេញពីព្រំដែន, ជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ និងដោះមីននៅព្រំដែនដែលបង្កគ្រោះថ្នាក់ដល់ថៃ ។ បើលោក Trump ក្នុងឋានៈជាមនុស្សកណ្តាលអាចបញ្ចុះបញ្ចូលឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងនេះដើម្បីឱ្យថៃមានទំនុកចិត្តនោះ ថៃនឹងព្រមចរចាជាមួយកម្ពុជា ដោយសារជាប្រទេសជិតខាងគ្នា ។
លោកចាប់អារម្មណ៍តែផលប្រយោជន៍របស់ប្រទេសថៃប៉ុណ្ណោះ ចំណែករឿងផ្សេងៗ ដូចជា ៖ លោក Trump នឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពឬអត់ គឺលោកមិនចាប់អារម្មណ៍ទេ ។ បើលោក Trump ទទួលបានពានរង្វាន់សន្តិភាពមែននោះ លោកនឹងចូលរួមត្រេកអរ ប៉ុន្តែវាមិនពាក់ព័ន្ធនឹងថៃត្រូវចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាឡើយ ។
ចំណែកមតិនានានៅប្រទេសថៃបារម្ភពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរនឹងពុំព្រមចាកចេញពីទឹកដីរបស់ខ្លួនក្នុងតំបន់ព្រំដែនជាប់ខេត្តស្រះកែវ គឺលោក អនុថីន និយាយថា ប្រទេសថៃមានច្បាប់ និងបានប្រជុំត្រៀមផែនការបណ្តេញពលរដ្ឋខ្មែររួចអស់ហើយ ។ បើពលរដ្ឋខ្មែរពុំព្រមចាកចេញទេនោះ ថៃនឹងពុំយល់ព្រមជាដាច់ខាត ។
គួរបញ្ជាក់ថា កងទ័ព និងរដ្ឋាភិបាលថៃ បានគំរាមឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាប់ព្រំដែនខេត្តស្រះកែវ) មុនថ្ងៃទី១០ ខែតុលានេះ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់ព្រៃ ។ ថៃបានទាមទារតំបន់នេះដោយឥតអៀនខ្មាស វង្វេងប្រវត្តិសាស្ត្រថា ជាទឹកដីរបស់ខ្លួនសម្អាងតាមផែនទីក្រៅផ្លូវការគូរជាឯកតោភាគី ហើយវាបានក្លាយជាប្រធានបទក្តៅនាពេលបច្ចុប្បន្នធ្វើឱ្យរាំងស្ទះការចរចា ៕