ប្រទេសថៃ៖ ធនាគារពិភពលោកបានព្រ.មានពីផលប៉ះពាល់ដែលបណ្ដាលមកពីបញ្ហាអស្ថិរភាពនយោបាយ ការរំខានផ្នែកពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត ថាអាចនឹងធ្វើឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចថៃមានការអន់ថយ បើទោះជាមានការរំពឹងទុកថាសេដ្ឋកិច្ចថៃឆ្នាំនេះនឹងមានការកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ក្នុងបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកចុងក្រោយបំផុត ធនាគារពិភពលោកបានទទួលស្គាល់ពីការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ថៃក្រោយពេលនៃជំងឺរាតត្បាត ប៉ុន្តែបានព្រមានវិញថា អស្ថិរភាពនយោបាយដែលកើតមានញឹកញាប់ ការពន្យារពេលគោលនយោបាយសារពើពន្ធ និងការបិទច្រកព្រំដែនជាមួយប្រទេសជិតខាងអាចនឹងប៉ះពាល់ដល់សន្ទុះនៃល្បឿនសេដ្ឋកិច្ច។
កំណើនក្នុងតំបន់ត្រូវបានព្យាករណ៍ថានឹងកើនឡើង 4.8% នៅឆ្នាំនេះ និង 4.3% នៅឆ្នាំក្រោយ ដែលជាការធ្លាក់ចុះពី 5.0% កាលពីឆ្នាំមុន។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំក្នុងអាស៊ាន (ASEAN-5) – ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រា 4.6% នៅឆ្នាំនេះ និង 4.5% នៅឆ្នាំក្រោយ ដែលយឺតជាងឆ្នាំ 2024 ។
ភាពមិនច្បាស់លាស់នៃនយោបាយនៅក្នុងប្រទេស និងភាពតានតឹងក្នុងតំបន់អាចបំផ្លាញទំនុកចិត្តរបស់វិនិយោគិនបរទេសដែលចង់បណ្ដាក់ទុននៅប្រទេសថៃ។ លើសពីនេះ ធនាគារពិភពលោកបានគូសបញ្ជាក់ថា ការបិទព្រំដែននាពេលថ្មីៗដែលជាប់ទាក់ទងនឹងបញ្ហាសន្តិសុខ និងជម្លោះនយោបាយជាមួយប្រទេសជិតខាងនេះ កំពុងបន្តដាក់សម្ពាធបន្ថែមលើពាណិជ្ជកម្ម និងភស្តុភារក្នុងស្រុក។
ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា ការបិទព្រំដែនដែលអូសបន្លាយពេលកាន់តែយូរ និងការអនុវត្តច្បាប់យោធានៅតាមព្រំដែនកម្ពុជា-ថៃ បានរំខានដល់ផ្លូវពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យប៉ះពាល់ដល់អ្នកនាំចេញខ្នាតតូច និងធ្លាក់ចុះខ្លាំងនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនគោក។ បញ្ហាប្រឈមទាំងនេះ គួបផ្សំនឹងការរឹតបន្តឹងពាណិជ្ជកម្មជាសកល ដែលបន្តធ្វើឱ្យដំណើរការនាំចេញមានការធ្លាក់ចុះយ៉ាងគំហុក។
បើតាមរបាយការណ៍ព្យាករបានបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃនឹងកាត់បន្ថយបន្តិចមកនៅត្រឹម 1.8 ភាគរយនៅឆ្នាំ 2026 ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមក្នុងស្រុកដែលកំពុងបន្ត រួមទាំងបំណុលគ្រួសារខ្ពស់ និងឧបសគ្គទីផ្សារការងារ។
ជាមួយនឹងការចង្អុលបង្ហាញពីចំណុចអវិជ្ជមាននេះ ធនាគារពិភពលោកក៏បានជំរុញឱ្យរដ្ឋាភិបាលថៃរក្សាស្ថិរភាពគោលនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសជិតខាង គាំទ្រដល់អាជីវកម្មខ្នាតតូច និងធានាឱ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាព ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចចំពេលមានភាពមិនប្រាកដប្រជានៅក្នុងតំបន់៕