ប្រទេសវៀតណាម ៖ ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលខ្យល់ព្យុះម៉ាតម៉ូ (Matmo) បានធ្វើឱ្យនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តំបន់ជាច្រើនក្នុងទីក្រុងហាណូយលិចលង់ យន្តហោះជាច្រើនគ្រឿងដែលចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ Noi Bai ត្រូវពន្យារពេលហោះហើរ ខណៈវៀតណាមទើបតែរងឥទ្ធិពលខ្យល់ព្យុះប៊ួឡូយ ។ តាមការប្រកាសរបស់ឧតុនិយម គឺតំបន់ខាងជើងនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំង ហើយវៀតណាមនឹងរងឥទ្ធិពលខ្យល់ព្យុះចំនួន៣ បន្តបន្ទាប់ទៀត ។
ភ្លៀងធ្លាក់បណ្តាលឱ្យផ្លូវនានាក្នុងទីក្រុងហាណូយលិចលង់ រថយន្ត និងម៉ូតូជាច្រើនគ្រឿងកកស្ទះកណ្តាលផ្លូវ ខណៈពលរដ្ឋដើរឆ្លងកាត់ទឹកជ្រៅ ។ វាមិនត្រឹមតែធ្វើឱ្យកកស្ទះយានជំនិះតាមផ្លូវប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុងក៏ខូចខាតដែរ ដោយសារបរិមាណទឹកភ្លៀងច្រើន ។ ពលរដ្ឋនៅទីក្រុងហាណូយប្រាប់ថា ភ្លៀងធ្លាក់ និងមានទឹកលិចផ្លូវជាញឹកញាប់ធ្វើឱ្យពួកគេរស់នៅក្រោមព្យុះភ្លៀងរៀងរាល់ថ្ងៃ និងបារម្ភពីទីក្រុងរងឥទ្ធិពលខ្យល់ព្យុះបន្ថែមទៀត ។
ចំណែកសាលារៀនជាច្រើនកន្លែងនៅទីក្រុងហាណូយបានបិទទ្វារដោយបង្រៀនសិស្សតាមអនឡាញ ខណៈយន្តហោះជាច្រើនគ្រឿងដែលចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ Noi Bai បានពន្យារពេលហោះហើរដោយសារខ្យល់ព្យុះ ។
កាលពីដើមខែតុលា ឆ្នាំ២០២៥ មានទឹកជំនន់ខ្លាំងនៅទីក្រុងហាណូយដោយសាររងឥទ្ធិលខ្យល់ព្យុះប៊ូឡូយ ដែលបានសម្លាប់ពលរដ្ឋវៀតណាមយ៉ាងហោចណាស់៥១នាក់ និងខូចខាតទ្រព្យសម្បត្តិស្មើទឹកប្រាក់ប្រមាណ៦០០លានដុល្លារ ។ ក្រុមគ្រួសារជាច្រើនទើបតែសម្អាតភក់ និងកំទេចកំទីក្នុងផ្ទះពេលផុតព្យុះប៊ួឡូយ បែរជាមកជួបព្យុះម៉ាតម៉ូ និងមានភ្លៀងធ្លាក់ខ្លាំងម្តងទៀត ។
តាមការព្យាកររបស់ឧតុនិយមវៀតណាម គឺមានភ្លៀងធ្លាក់ ផ្គររន្ទះនៅទីក្រុងហាណូយនៅព្រឹកថ្ងៃទី៧ ខែតុលា ដោយឧតុនិយមបានដាស់តឿនពលរដ្ឋពីទឹកជំនន់នៅតំបន់ទំនាប ថែមទាំងមានខ្យល់ព្យុះ៣ទៀតបោកបក់លើប្រទេសវៀតណាមមុនដំណាច់ឆ្នាំ២០២៥ ។
ដោយឡែក តាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ខ្យល់ព្យុះម៉ាតម៉ូមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអាដាម៉ាន់ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា ។ គន្លងផ្លូវរបស់ខ្យល់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកកម្ពុជានោះទេ ៕