ប្រទេសថៃ ៖ បញ្ហាមួយដែលតែងតែកើតឡើងនៅទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃពុំអាចដោះស្រាយបាន គឺទីក្រុងនេះពោរពេញទៅដោយធូលីកខ្វក់យ៉ាងខ្លាំងដែលប៉ះពាល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរ ។ ចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកតែងតែប្រឈមជាមួយធូលីកខ្វក់ ដែលធ្វើឱ្យអាជ្ញាធរអំពាវនាវទៅកាន់ពលរដ្ឋចុះឈ្មោះធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ។ នេះបើតាមការចុះផ្សយរបស់សារព័ត៌មាន TNN Thailand នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។
តាមការអះអាងរបស់លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកក គឺចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកទាំងមូលតែងតែប្រឈមនឹងធូលីកខ្វក់ PM 2.5 ។ ហេតុនេះ អាជ្ញាធរក្រុងបានកំណត់វិធានការជាច្រើនសម្រាប់ដោះស្រាយបញ្ហានេះកាន់តែច្បាស់លាស់ជាងមុន ក្នុងនោះមានវិធានការធ្វើការពីផ្ទះ (Work from Home) ផងដែរ ។
ទីក្រុងបាងកកនឹងឱ្យពលរដ្ឋសហការអនុវត្តវិធានការធ្វើការពីផ្ទះ និងជាជម្រើសឱ្យស្ថាប័នឯកជនចូលរួមថែរក្សាខ្យល់អាកាសបរិសុទ្ធ ដូចជា ៖
១-ធ្វើការពីផ្ទះពេលក្រុងបាងកកប្រកាសសុំការសហការពីពលរដ្ឋ ករណីធូលីកខ្វក់ PM 2.5 មានកម្រិតពណ៌ទឹកក្រូចនៅ៣៥តំបន់ (ឬស្មើតំបន់៧០% នៃទីក្រុងបាងកក)
២-ស្ថាប័នឯកជនប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនបុគ្គលិកធ្វើការពីផ្ទះ និងមធ្យោបាយធ្វើដំណើររបស់បុគ្គលិក ។
លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកកបន្តថា កាលពីដើមឆ្នាំ២០២៥ អាជ្ញាធរក្រុងបាងកកបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ចូលរួមចុះឈ្មោះឱ្យបុគ្គលិកធ្វើការពីផ្ទះ ។ ស្ថាប័ន និងក្រុមហ៊ុន ចំនួន២៧៨ ដែលមានបុគ្គលិកចំនួន៩៦,៣០៧នាក់បានចូលរួមចុះឈ្មោះធ្វើការពីផ្ទះ ក្រោយពីអភិបាលក្រុងបាងកក លោក ឆាត់ឆាតិ សិទ្ធីផាន់ ប្រកាសសុំការសហការធ្វើការពីផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាធូលីកខ្វក់ក្នុងទីក្រុង ។
លោករំពឹងថា នឹងមានពលរដ្ឋចំនួន៣សែននាក់ចុះឈ្មោះធ្វើការពីផ្ទះតាមរយៈគេហទំព័ររបស់ក្រុងបាងកក ។ ក្រៅពីនេះ លោកអំពាវនាវឱ្យពលរដ្ឋនៅទីក្រុងតាមដានស្ថានការណ៍ធូលីកខ្វក់ PM 2.5 និងសេចក្តីប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ តាមរយៈក្រុមបណ្តាញសង្គម Line ឬតាមដានហ្វេសប៊ុកផេកក្រុងបាងកក ឬការិយាល័យបរិស្ថានក្រុងបាងកក ឬមជ្ឈមណ្ឌលទិន្នន័យគុណភាពខ្យល់ក្រុងបាងកក ព្រមទាំងសាកសួរព័ត៌មានលម្អិតទៅកាន់ការិយាល័យបរិស្ថានក្រុងបាងកកតាមរយៈលេខទូរស័ព្ទ ៕