ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Mgr Online កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា តួឯកឥណ្ឌារឿងព្រះពុទ្ធ លោក Gagan Malik បានសរសេរពាក្យ «I Love Thailand» លើផ្ទាំងរូបភាពលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ថៃ ក្នុងពេលតួឯកឥណ្ឌារូបនេះចូលរួមកម្មវិធីមួយនៅទីក្រុងប៉ាតាយ៉ា ។ ការបង្ហាញក្តីស្រឡាញ់ទៅកាន់ប្រទេសថៃនេះធ្វើឱ្យពលរដ្ឋថៃសរសើរមិនដាច់ពីមាត់ ដែលលោកជាជនបរទេសមានបេះដូងស្រឡាញ់ថៃ និងចាត់ទុកថៃជាផ្ទះទី២ ក្រោយលាលែងពីតំណែងឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍របស់កម្ពុជា ។
.jpg)
កាលពីថ្ងៃទី៣០ ខែកញ្ញា អភិបាលក្រុងប៉ាតាយ៉ា លោក ប៉ារ៉ាមេត ង៉ាមផិសេត បានធ្វើជាប្រធានកម្មវិធីសូត្រមន្តប្រគេនចង្ហាន់ព្រះសង្ឃក្នុងឱកាសគម្រប់ខួប១៧ឆ្នាំ នៃការសាងសង់សាលារៀននៅទីក្រុងប៉ាតាយ៉ា ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចូលរួមកម្មវិធីភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺតារាសម្តែងដ៏ល្បីរបស់ឥណ្ឌា លោក Gagan Malik បានធ្វើដំណើរមកចូលរួមកម្មវិធីដែរ ហើយលោកថែមទាំងសរសេរពាក្យ «I Love Thailand» នៅលើផ្ទាំងរូបភាពរបស់លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងចុះហត្ថលេខា ។
លោក Gagan Malik ទទួលបានការគាំទ្រខ្លាំងពីជនជាតិថៃ ក្រោយលាលែងពីតំណែងឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍របស់កម្ពុជា ក្រោមហេតុផលដើម្បីបង្ហាញការគោរពដល់ប្រទេសថៃ និងចាត់ទុកថៃជាផ្ទះទី២ របស់ខ្លួន ។ បើទោះជាលោកបង្ហាញក្តីស្រឡាញ់ប្រទេសថៃក្តី ប៉ុន្តែមតិមួយចំនួនថា លោកសម្រេចជ្រើសយកថៃ ដោយសារថៃជាប្រទេសធំ មានពលរដ្ឋច្រើន ដែលធ្វើឱ្យលោកនឹងទទួលបានផលប្រយោជន៍ច្រើនពីថៃ ។ ម្យ៉ាងទៀត ដើម្បីកុំឱ្យអ្នកគាំទ្រនៅថៃខឹងសម្បាររូបលោកដែលបានសរសើរកម្ពុជា ។
គួរបញ្ជាក់ថា តារាសម្តែងឥណ្ឌាដ៏ល្បីល្បាញ លោក Gagan Malik ដែលធ្លាប់សម្តែងជាតួអង្គព្រះពុទ្ធ បានប្រកាសលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតសុឆន្ទៈផ្នែកទេសចរណ៍របស់កម្ពុជា ជាផ្លូវការ ។ លោកបានសូមទោសទៅកាន់អ្នកគាំទ្រជ.នជាតិថៃទាំងអស់ ប្រសិនបើដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់កម្ពុជា បង្កឱ្យមានការឈឺចាប់ណាមួយ និងចាត់ទុកប្រទេសថៃជាផ្ទះទី២ របស់ខ្លួន ។
.jpg)
លោកនិយាយថា ៖ «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះអ្នកគាំទ្រថៃទាំងអស់របស់ខ្ញុំ ប្រសិនបើការមកលេងប្រទេសកម្ពុជានាពេលថ្មីៗនេះបណ្តាលឱ្យមានការឈឺចាប់ណាមួយ ។ ថៃគឺជាផ្ទះទី២របស់ខ្ញុំ ហើយខ្ញុំកាន់តែគោរពប្រទេសនេះដ៏ជ្រាលជ្រៅបំផុត» ៕










