ប្រទេសថៃ ៖ តាំងពីរដ្ឋាភិបាលថៃរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាឯកតោភាគី ចោទប្រកាន់ និងបង្កជម្លោះជាមួយកម្ពុជាមិនឈប់ឈរ ។ បច្ចុប្បន្ន កងទ័ពថៃកាន់តែខ្លាំងដៃថែមទៀតដោយសារមានការគាំទ្រពីស្តេច និងនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្រកាសច្បាប់អាជ្ញាសឹក និងបើកដៃឱ្យកងទ័ពថៃត្រៀមខ្លួនធ្វើសង្គ្រាមនៅព្រំដែន ខណៈពលរដ្ឋថៃនៅព្រំដែនជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់ ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា ពលរដ្ឋថៃនៅខេត្តឧប៊ុនរ៉ាជថានី បានជម្លៀសចេញពីលំនៅឋានទៅកាន់ជំរំភៀសសឹកជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃបា.ញ់ប្រ.ហារដោយកាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះកាលពីថ្ងៃទី២៧ ខែកញ្ញា និងកុហកពលរដ្ឋថា កម្ពុជាបង្កហេតុមុន ។ ពលរដ្ឋថៃម្នាក់លើដៃសំពះបណ្តើរ ទួញសោកបណ្តើរ សូមឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនបើកឆាកធ្វើសង្គ្រាមដឹងឈ្នះ-ចាញ់តែម្តង ដើម្បីកុំឱ្យខ្លួនពិបាកជម្លៀសច្រើនលើក ។
អ្នកស្រី ម៉ាឆា នៅខេត្តឧប៊ុនរ៉ាជថានី បាននិយាយទាំងទឹកភ្នែកផ្តាំផ្ញើទៅកាន់មេទ័ព និងនាយករដ្ឋមន្ត្រីរបស់ខ្លួនថា សូមបើកឆាកធ្វើសង្គ្រាមលើកនេះឱ្យដឹងឈ្នះ-ចាញ់ឆាប់ៗកុំឱ្យពលរដ្ឋពិបាកជម្លៀស ។ ក្រៅពីនេះ សូមរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យពលរដ្ឋរស់នៅព្រំដែនក្នុងម្នាក់ចំនួន៥,០០០បាត (ស្មើជាង១៥០ដុល្លារ) ពីព្រោះពលរដ្ឋភៀសសឹកគ្មានប្រាក់ទិញអាហារ ។ រាល់ថ្ងៃ ទទួលបានតែប្រាក់សម្រាប់មនុស្សចាស់ពីរដ្ឋាភិបាលប៉ុណ្ណោះ ទើបរៃគ្នាម្នាក់៣០០បាត ឱ្យថ្លៃរថយន្តចាក់សាំងជម្លៀសពីលំនៅឋាន ។
ពលរដ្ឋនៅខេត្តឧប៊ុនរ៉ាជថានីម្នាក់ទៀត គឺលោក ចាន់រិរ៉ូត ប្រាប់ថា បានតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃយ៉ាងដិតដល់ និងត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន បើអាជ្ញាធរប្រាប់ ។ បុរសចំណាស់រូបនេះបានចោទប្រកាន់កម្ពុជាបង្កហេតុនៅតំបន់អានសេះ និងស្នើឱ្យកងទ័ពថៃចាត់ការដាច់ខាត ពីព្រោះមិនចង់ជម្លៀសទៅណាទេ ខ្លួនគ្មានប្រាក់ចំណូល ធ្វើចម្ការ និងចៀរជ័រកៅស៊ូលែងបាន ។
បុរសរូបនេះបន្តថា កម្ពុជាមានពលរដ្ឋត្រឹមតែ១០លាននាក់ប៉ុណ្ណោះ រីឯថៃមានពលរដ្ឋច្រើនជាងរហូតដល់ជាង៧០លាននាក់ ដូច្នេះ ពុំចាំបាច់ខ្លាចទេ ថៃមានពលរដ្ឋច្រើនជាង ។ កងទ័ពថៃត្រូវតែធ្វើឱ្យសង្គ្រាមឱ្យឈ្នះដើម្បីកុំឱ្យពលរដ្ឋពិបាកប្រកបរបរចិញ្ចឹមជីវិត និងពិបាកជម្លៀសចេញពីលំនៅឋាន ពីព្រោះខ្លួនបានជម្លៀសពី២ ទៅ៣លើកហើយ ។
ការជំរុញឱ្យកងទ័ពថៃបើកឆាកធ្វើសង្គ្រាម និងវាយប្រហារមុនមកលើកម្ពុជា ទទួលបានការគាំទ្រពីអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃ ។ ពលរដ្ឋថៃមួយចំនួនធំជំរុញឱ្យរដ្ឋាភិបាល និងកងទ័ពខ្លួនធ្វើសង្គ្រាមទាំងកម្រោល ពួកគេពុំបានស្នើឱ្យរដ្ឋាភិបាលចរចាបញ្ចប់ជម្លោះព្រំដែនដោយសន្តិវិធីនោះទេ ដោយសារការផ្សព្វផ្សាយព័ត៌មានបំភ្លៃពីកងទ័ព និងគ្រប់សារព័ត៌មានថៃ ៕










