ប្រទេសថៃ ៖ កាលពីវេលាម៉ោងប្រមាណ១១និង៥២នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ផ្តើមបា.ញ់ប្រ.ហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយ បា.ញ់កំាភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ។ ពេលនេះ កងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារបូរណភាពទឹកដី ។ ប៉ុន្តែភាគីថៃបែរជាចោទប្រកាន់កម្ពុជាជាអ្នកបា.ញ់មុន និងផ្សព្វផ្សាយព័ត៌មានបំភ្លៃឱ្យពិភពលោកយល់ខុស ។

អ្នកនាំពាក្យកងទ័ពជើងគោកថៃបានច្រានចោលព័ត៌មានកងទ័ពខ្លួនចាប់ផ្តើមបាញ់មុន ថែមទាំងថ្កោលទោសកម្ពុជា ថាជាអ្នកបាញ់មកលើថៃមុនទៅវិញ ។ អ្នកនាំពាក្យកងទ័ពថៃបាននិយាយមូលបង្កាច់នៅចំពោះមុខសារព័ត៌មានថា កម្ពុជាតែងតែនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទៅពិនិត្យមើលតំបន់ព្រំដែន ទើបសង្ស័យកម្ពុជាបង្កើតស្ថានការណ៍នេះញុះញង់ថៃ រួចហើយ កម្ពុជានឹងប្រមូលភស្តុតាងជូនដំណឹងដល់ IOT ថា ថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ ។

ក្រោយពីអ្នកនាំពាក្យកងទ័ពជើងគោកថៃចោទប្រកាន់កម្ពុជាបាញ់មកលើថៃមុន អភិបាលរងខេត្តឧប៊ុនរ៉ាជថានីបានកោះប្រជុំបន្ទាន់ជាមួយមន្ត្រីផ្នែកសន្តិសុខនៅថ្ងៃទី២៧ ខែកញ្ញា ដើម្បីត្រៀមទប់ទល់ស្ថានការណ៍ រួមទាំងបញ្ជាឱ្យបើកជំរំជនភៀសសឹកទាំងអស់សម្រាប់ឱ្យពលរដ្ឋស្នាក់នៅ ។

លោក ភព ភូសុមប៉ង អភិបាលរងខេត្តឧប៊ុនរ៉ាជថានី បានធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់នេះ ដោយចោទប្រកាន់កម្ពុជាបាញ់មកលើថៃមុន ។ លោកប្រាប់ឱ្យមន្ត្រីពាក់ព័ន្ធត្រៀមខ្លួនទប់ទល់ស្ថានការណ៍ និងជួយជម្លៀសពលរដ្ឋរងផលប៉ះពាល់ឱ្យបានលឿនបំផុត នៅពេលមានការប៉ះទង្គិចគ្នាកើតឡើងនៅព្រំដែនកម្ពុជា-ថៃ ។ ក្រៅពីនេះ ត្រូវតាមដានស្ថានការណ៍ព្រំដែននៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី យ៉ាងដិតដល់ បើមានការប៉ះទង្គិចទៀតនឹងអនុវត្តតាមផែនការភ្លាមៗ ។

អភិបាលរងខេត្តឧប៊ុនរ៉ាជថានីនិយាយថា ស្រុកណាមយឺន និងស្រុកណាមខុន ពុំទាន់ប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាផ្លូវការទេនៅថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែបើពលរដ្ឋបារម្ភពីស្ថានការណ៍ព្រំដែន គឺអាចជម្លៀសទៅស្នាក់នៅជំរំភៀសសឹកបាន ។ ពលរដ្ឋអាចសួរនាំអាជ្ញាធរមូលដ្ឋានពីទីតាំងជំរំភៀសសឹក ពីព្រោះពេលនេះ លោកបានបញ្ជាឱ្យបើកជំរំភៀសសឹកគ្រប់កន្លែងរួចហើយ ។

គួរបញ្ជាក់ថា កាលពីពេលកងទ័ពឈ្លានពានថៃបាញ់ប្រហារមុនមកលើកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងមក គឺថៃបានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយមូលបង្កាច់កម្ពុជាជាអ្នកបាញ់ថៃមុន ។ ហេតុនេះ សូមពលរដ្ឋខ្មែរជួយផ្សព្វផ្សាយពីទង្វើថោកទាបរបស់កងទ័ពឈ្លានពានថៃ ដែលចាប់ផ្តើមបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាដើម្បីឱ្យពិភពលោកបានដឹង ពីព្រោះកងទ័ពថៃ និងក្រុមជ្រុលនិយមថៃពុំចង់បានសន្តិភាពទេ ។

កងកម្លាំងរបស់កម្ពុជាបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា ៕