មិនសូវជាផ្តោតជីវិតលើបណ្តាញសង្គមទើបរឿងមួយចំនួនទស្សនិកជនពុំបានដឹងពី ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ឡើយ។ ជាក់ស្តែង ប្រាសាទ ដាវីន ទើបតែទម្លាយអាថ៌កំបាំងរបស់ខ្លួនកាលពីអាយុ២៥ឆ្នាំដោយគូស្នេហ៍របស់នាងបានគេងស្លាប់ក្បែរខ្លួន។
ប្រាសាទ ដាវីន បានបង្ហាញខ្លួនយ៉ាងកម្រនៅក្នុងកម្មវិធីផតខាស់ កាលពីកន្លងទៅនេះដោយបានជជែកជាមួយពិធីករជាច្រើនទាក់ទងនឹងអាជីពរួមទាំងជីវិតឯកជនផង។ បច្ចុប្បន្ន Miss Universe Cambodia 2024 មានកូនស្រីម្នាក់ជាចំណងដៃជាមួយនឹងគូស្នេហ៍ជាជនបរទេស។ យ៉ាងណាកាលពីអតីតកាល ប្រាសាទ ដាវីន ក៏មានដៃគូដែលស្មោះស័្មគ្រម្នាក់ប៉ុន្តែមិនអាចសាងអនាគតជាមួយគ្នាបានយូរនោះទេ។

ក្នុងកិច្ចសម្ភាសន៍ ប្រាសាទ ដាវីន បាននិយាយថាក្នុងឆ្នាំ២០១៧-២០១៨ នាងមានរឿងធំប៉ុន្តែមិនដែលបានចែករំលែកទូលំទូលាយនោះទេ គឺជារឿងដៃគូជីវិតរបស់នាងបានចាកចេញពីពិភពលោកទាំងវ័យក្មេងក្នុងវ័យ២៦-២៧ឆ្នាំដោយកាលនោះនាងមានអាយុ២៥ឆ្នាំ។ អ្នកនាង បានបន្តទៀតថា ដ្បិតតែនៅក្មេងប៉ុន្តែគឺពួកគេពូកែធ្វើការ ពូកែរកស៊ី ឧស្សាហ៍មានដំណើរកម្សាន្ត ហើយជីវិតអ្នកទាំងពីរគឺអ្នកណាក៏ប៉ងចង់បានដែរ។ ប្រាសាទ ដាវីន បានបន្តរៀបរាប់ថាដៃគូជីវិតរបស់នាងដែលចាកចេញទៅពុំមានបញ្ហាសុខភាពនោះទេ ហើយបានស្លាប់នៅក្បែរនាង។
ប្រាសាទ ដាវីន ថាម៉ោងប្រហែលជា៤កន្លះព្រឹកពេលនាងងើបឡើងដើម្បីត្រៀមខ្លួនចេញទៅដើរម៉ូតគឺបើកភ្នែកមកខុសពីធម្មតាតែម្តងព្រោះដៃគូរបស់នាងលែងកម្រើក ខណៈដៃគូនាងមានមាឌធំដល់ទៅជាង១០០គីឡូ ឯខ្លួននាងមានមាឌតូចជាងបច្ចុប្បន្នទៅទៀតបានប្រឹងធ្វើការសង្គ្រោះបឋម (CPR) ។ ខ្ទង់ប្រហែលជា១០នាទីក្រុមសង្គ្រោះបន្ទាន់ក៏បានមកដល់ប៉ុន្តែដៃគូជីវិតរបស់នាងគឺបានចាកចេញទៅហើយ។

ស្លាកស្នាមមួយនេះ ប្រាសាទ ដាវីន បានបង្ហើបដែរថា អ្វីដែលនាងខ្លាចបំផុតគឺបាត់បង់ខ្លួនឯង ហើយពេលនេះនាងអាចនិយាយបញ្ហានេះគ្រាន់តែមានអារម្មណ៍ថាអួលតិចៗ ប៉ុន្តែកាលពីមុនគឺនាងមិនអាចនិយាយកើតឡើយ។ ដាវីន ថា ពេលនេះនាងសាំជាមួយនឹងការឈឺចាប់មួយនេះទើបអាចចែករំលែកជាមួយនឹងទស្សនិកជនបាន។ ប្រាសាទ ដាវីន ក៏បានបញ្ជាក់ទៀតថានៅពេលនាងជួបប្រទះបញ្ហានេះហើយនាងសម្រេចចិត្តមកលេងនៅខ្មែរប៉ុន្តែដោយសារតែមានការងារចេះតែជាប់ៗទៅ ទើបភាគច្រើននៅខ្មែរហើយសម្ភារៈជាច្រើនទៀតគឺនៅប្រទេសអូស្រ្តាលីទាំងអស់៕










