ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Nation បានអញ្ជើញលោក សុរ៉ាឆាតិ បាំរុងសុខ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យជុឡាឡុងកន មកចូលរួមកម្មវិធីវិភាគព័ត៌មាន ហើយអ្នកជំនាញរូបនេះបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាគ្មានដំណោះស្រាយ ដោយសារនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចពេញលេញឱ្យកងទ័ព ។ នាយករដ្ឋមន្ត្រីថៃទម្លាក់ការទទួលខុសត្រូវរបស់ខ្លួនទៅឱ្យកងទ័ពជាអ្នកសម្រេចចិត្តលើកិច្ចការព្រំដែន ហើយនាយករដ្ឋមន្ត្រីនឹងឈរពីក្រោយចាំតែគាំទ្រកងទ័ព ។
ការកំណត់គោលនយោបាយពាក់ព័ន្ធនឹងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គឺនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ពុំអាចទម្លាក់ចោលគ្មានដំណោះស្រាយ និងអនុវត្តតាមការអំពាវនាវរបស់ពលរដ្ឋថៃជ្រុលនិយមសុំឱ្យបិទព្រំដែនបន្តនោះទេ ។ នាយករដ្ឋមន្ត្រីថៃត្រូវតែកំណត់គោលនយោបាយ រួមទាំងប្រកាន់គោលជំហរច្បាស់លាស់ដើម្បីសម្រេចគោលដៅបញ្ចប់ជម្លោះជាមួយកម្ពុជា ប៉ុន្តែបែរជាឱ្យកងទ័ពមានអំណាចពេញលេញសម្រេចចិត្តលើកិច្ចការព្រំដែន និងកំណត់យុទ្ធសាស្ត្រ រីឯរដ្ឋាភិបាលចាំតែគាំទ្រ ។.png)
លោក សុរ៉ាឆាតិ បាំរុងសុខ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិមកពីសាកលវិទ្យាល័យជុឡាឡុងកន បានដាស់តឿននាយករដ្ឋមន្ត្រីថៃដែលគាំទ្រជាតិនិយមខ្លាំងពេក គឺនឹងធ្វើឱ្យគ្មានដំណោះស្រាយជម្លោះជាមួយកម្ពុជា ។ អ្នកវិភាគបារម្ភពីគោលជំហររបស់នាយករដ្ឋមន្ត្រីថៃ និងរដ្ឋាភិបាលគណបក្សភូមិចៃថៃ ដោយអ្នកវិភាគបានលើកឡើងពីបញ្ហាជាច្រើនទៅកាន់នាយករដ្ឋមន្ត្រីថៃ រួមមាន ៖
-បញ្ហាទី១ ៖ នាយករដ្ឋមន្ត្រីថៃត្រូវយល់ថា រដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការកំណត់យុទ្ធសាស្ត្ររបស់ប្រទេស ហើយកងទ័ពមានតួនាទីអនុវត្តយុទ្ធសាស្ត្រ មិនមែននាយករដ្ឋមន្ត្រីឱ្យកងទ័ពជាអ្នកកំណត់យុទ្ធសាស្ត្រទេ ។

-បញ្ហាទី២ ៖ នាយករដ្ឋមន្ត្រីថៃពុំគួរទម្លាក់ចោលគ្មានដំណោះស្រាយព្រំដែន និងអនុវត្តតាមការអំពាវនាវរបស់ពលរដ្ឋថៃជ្រុលនិយមសុំឱ្យបិទព្រំដែនបន្តនោះទេ ពីព្រោះវានឹងធ្វើឱ្យរដ្ឋាភិបាលធ្លាក់ក្នុងអន្ទាក់ជាតិនិយម ជាពិសេស ជម្លោះជាមួយកម្ពុជាអាចបញ្ចប់ដោយសង្គ្រាម ។
-បញ្ហាទី៣ ៖ នាយករដ្ឋមន្ត្រីថៃគួរស្វែងរកយុទ្ធសាស្ត្របញ្ចប់ជម្លោះជាមួយកម្ពុជា មិនមែនជំរុញឱ្យថៃមានជម្លោះជាមួយកម្ពុជាអូសបន្លាយបែបនេះ ។.png)
-បញ្ហាទី៤ ៖ អ្នកជំនាញទាមទារឱ្យមានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ ដើម្បីបំពេញកិច្ចការសន្តិសុខនៅប្រទេសថៃ ។
-បញ្ហាទី៥ ៖ រដ្ឋាភិបាលថៃត្រូវដោះស្រាយបញ្ហាព្រំដែនច្រើនជាងប្រគល់អំណាចឱ្យកងទ័ពដោះស្រាយតែឯង គឺក្រសួងការបរទេសត្រូវមានតួនាទីដោះស្រាយបញ្ហាព្រំដែនឱ្យខ្លាំងជាងនេះ ប៉ុន្តែកន្លងមក ក្រសួងការបរទេសថៃបានធ្វើការងាររឿងព្រំដែនតិចតួចបំផុត ។
គួរបញ្ជាក់ថា ថ្មីៗនេះ ពេលនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ធ្វើដំណើរទៅខេត្តស៊ីសាកេត លោកបាននិយាយពីការផ្តល់អំណាចឱ្យកងទ័ពសម្រេចចិត្តបើក-បិទព្រំដែន និងសាងសង់របងព្រំដែន ហើយលោកអនុញ្ញាតឱ្យកងទ័ពថៃដោតទង់ជាតិនៅកន្លែងណាក៏បានដើម្បីឱ្យពលរដ្ឋថៃសប្បាយចិត្ត ។ លោក អនុថីន បានសួរទៅពលរដ្ឋខេត្តស៊ីសាកេតថា តើចង់បើកព្រំដែនវិញទេ? ពលរដ្ឋខេត្តស៊ីសាកេតថា អត់ទេ លោក អនុថីន ឆ្លើយថា បើអីចឹង លោកមិនហ៊ានបើកព្រំដែនទេ ។ លោកជានាយករដ្ឋមន្ត្រីថៃ មិនមែនជានាយករដ្ឋមន្ត្រីខ្មែរ លោកត្រូវតែសម្រេចចិត្តដើម្បីពលរដ្ឋខ្លួន ។
លោក អនុថីន បន្តថា រដ្ឋាភិបាលថៃនឹងគាំទ្រ និងគោរពតាមការសម្រេចចិត្តរបស់កងទ័ពរឿងព្រំដែន រីឯរដ្ឋាភិបាលនឹងបំពេញការងារការទូត រួមទាំងកំណត់លក្ខខណ្ឌចរចាជាមួយកម្ពុជា ។ ប្រសិនបើមានការចរចា គឺរដ្ឋាភិបាលថៃនឹងពុំទទួលយកលក្ខខណ្ឌរបស់កម្ពុជាដែលស្នើទេ ប៉ុន្តែកម្ពុជាត្រូវតែទទួលយកលក្ខខណ្ឌទាំងអស់របស់ថៃ ៕
 
		 
	









