ទន្ទឹមនឹងស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនប្រឈមនឹងបញ្ហាតារាចម្រៀង លីម តិចម៉េង បានបង្ហាញក្តីកង្វក់ក្នុងចិត្តកាន់តែខ្លាំងព្រួយបារម្ភពីសុខទុក្ខប្រជាជននិងកងទ័ព។ ការបង្ហោះសារមិនដាច់នៅលើបណ្តាញសង្គមអំពីជម្លោះព្រំដែនម្ចាស់ពានរូបនេះបានបញ្ជាក់លោកមិនមែនជាអ្នកនយោបាយអ្វីនោះទេគ្រាន់តែជាប្រជាជនស្នេហាជាតិម្នាក់។

គ្រាន់តែពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ភ្លាម លីម តិចម៉េង បានបង្ហោះសារភ្លាមឱ្យគិតពីរឿងប្រទេសជាតិ ខណៈកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា លីម តិចម៉េង បានបង្ហោះសំណេរមួយថា«បារម្ភពី បងប្អូន នៅតាមតំបន់ប្រឈម នឹង កងទ័ពជួរមុខ ជាពិសេសកងទ័ពដែលគេចាប់18នាក់នោះណាស់ យប់នេះប្រហែលជាមិនអាចដេកបានទៀតហើយ នៅចាំតាមដាន ចាំមើលៗថាតើគេចង់ឈ្លានពានខ្មែរយើងយ៉ាងម៉េចទៀត»។ ការបង្ហាញក្តីបារម្ភនេះគឺដោយសារតែជម្លោះនៅតាមបន្ទាត់ព្រំដែនមិនទាន់បាត់ក្តៅគគុកនោះទេ ទោះបីជាប្រទេសថៃមាននាយករដ្ឋមន្រ្តីថ្មីយ៉ាងណាក៏ដោយ។
ការបង្ហោះពីប្រទេសជាតិញឹកញាប់ ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានអះអាងថាលោកពុំមែនជាអ្នកនយោបាយនោះទេ។ «ខ្ញុំមិនមែនជាអ្នកនយោបាយ រឺ អ្នកចេះដឹង រឺ អ្នករៀនសូត្រខ្ពង់ខ្ពស់អីនោះទេ ខ្ញុំគ្រាន់តែជាប្រជាជនស្នេហាជាតិម្នាក់ ជាអ្នកចម្រៀងម្នាក់ ហើយខ្ញុំគ្រាន់តែមិនចង់អោយបងប្អូន ជាពិសេសអ្នកគាំទ្រទាំងអស់របស់ខ្ញុំដើរផ្លូវខុស ជាពិសេសក្មេងៗ។ ក្នុងនាមជាអាយដលម្នាក់ទោះជាត្រូវគេការប្រមាថ លាបពណ៌ ដោយមូលហេតុណាមួយក៏ដោយ ក៏ខ្ញុំអាចទ្រាំបានដែរ ដើម្បីប្រទេសជាតិ គ្រួសារ ខ្លួនឯង និង អ្នកគាំទ្ររបស់ខ្ញុំ »។ នេះគឺជាសម្តីរបស់តារាចម្រៀង លីម តិចម៉េង។
គួរបញ្ជាក់ផងដែរថា តិចម៉េង គឺជាសិល្បករខ្មែរមួយរូបដែលបង្ហាញការខ្វាយខ្វល់ពីប្រទេសជាតិបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនជារឿយៗ។ ជាតារាដែលគិតគូរពីសុខទុក្ខរបស់ប្រទេសជាតិនេះលោកក៏ទទួលបានការសរសើរពីទស្សនិកជនផងដែរ៕










