ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជិរ៉ាបានបាក់ស្រុតក្លាយជារណ្តៅយ៉ាងធំជម្រៅរហូតដល់ជាង៥០ម៉ែត្រ បណ្តាលឱ្យកកស្ទះចរាចរណ៍ខ្លាំង ខូចខាតបណ្តាញលូបង្ហូរទឹក បាក់បង្គោលភ្លើង និងបង្កហានិភ័យដល់អ្នកដំណើរ ហើយការបាក់ស្រុតផ្លូវកាន់តែរីកធំឡើងត្រូវជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យជាបន្ទាន់ ។ នាយកដ្ឋានធរណីវិទ្យាបានបង្ហាញពីមូលហេតុធ្វើឱ្យបាក់ស្រុតផ្លូវ គឺដោយសារការខួងដីធ្វើផ្លូវរថភ្លើងក្រោមដីខុសបច្ចេកទេស ទើបបែកបំពង់បង្ហូរទឹកស្អាតក្នុងទីក្រុង ។
ក្រោយការត្រួតពិនិត្យជាមួយអាជ្ញាធរក្រុងបាងកក លោក ពិជិត សម្បត្តិម៉ាក អគ្គនាយកនៃអគ្គនាយកដ្ឋានធរណីវិទ្យានិយាយថា នៅទីក្រុងបាងកកសុទ្ធតែជាដីឥដ្ឋ គ្មានបញ្ហាផ្លូវបាក់ស្រុតទេ បើគ្មានធ្វើសកម្មភាពរំខាន ដូចជា ៖ ខួងដីធ្វើផ្លូវរថភ្លើងក្រោមដីពុំត្រឹមត្រូវបណ្តាលឱ្យបែកបំពង់បង្ហូរទឹកស្អាត ដីក្លាយជាប្រហោង ថែមទាំងមានភ្លៀងធ្លាក់ខ្លាំងហូរច្រោះដី ដែលទាំងអស់នេះជាមូលហេតុចម្បងធ្វើឱ្យបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យវ៉ាជីរ៉ា ។ ជាទូទៅ មុននឹងធ្វើផ្លូវរថភ្លើងក្រោមដី អ្នកបច្ចេកទេសនឹងប្រមើលមើលពីហានិភ័យការបាក់ស្រុតផ្លូវដើម្បីកុំឱ្យប៉ះពាល់បរិស្ថាន ប៉ុន្តែពេលខួងដីធ្វើផ្លូវរថភ្លើងក្រោមដីអាចមានការធ្វេសប្រហែស ពីព្រោះបើគ្មានការខួងដីទេ ក៏គ្មានការបាក់ស្រុតផ្លូវដែរ ។
បើតាមអ្នកជំនាញផ្សេងទៀតថា ការបាក់ស្រុតផ្លូវបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ដីឥដ្ឋទន់ជ្រាយ ការបូមទឹកពីក្រោមដីច្រើនពេក ការសាងសង់អគារខ្ពស់ៗ និងការដ្ឋានសំណង់ច្រើន ទើបផ្លូវបាក់ស្រុតភ្លាមៗដោយពុំបានត្រៀមខ្លួនជាមុន ។ អ្នកជំនាញបានដាស់តឿនជាច្រើនលើកពីទីក្រុងបាងកកប្រឈមនឹងលិចទឹករយៈពេល៥០ឆ្នាំទៀត ដែលរដ្ឋាភិបាលគួរតែបង្កើតទីក្រុងថ្មីនៅតំបន់ខ្ពង់រាប ។

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជូឡាឡុងកនបានបង្ហាញពីដីនៅទីក្រុងបាងកកបាក់ស្រុតដោយសារកត្តា៣យ៉ាង រួមមាន ៖ ការបូមទឹកក្រោមដីច្រើន ទម្ងន់ដ៏ធ្ងន់មហាសាលរបស់អគារ និងសំណង់ក្រោមដីដែលស្រទាប់ដីទន់មិនអាចទ្រទ្រង់បាន រួមទាំងការជ្រាបទឹកកាន់តែធ្វើឱ្យមានហានិភ័យខ្លាំង ។ អ្នកជំនាញបញ្ជាក់ថា មុនដីបាក់ស្រុត វានឹងផ្តល់សញ្ញាផ្សេងៗ រួមមាន ៖ ផ្លូវចាប់ផ្តើមស្រុតចុះ របងផ្អៀង បង្គោលភ្លើង ឬដើមឈើផ្អៀងខុសធម្មតា និងអគារមានស្នាមប្រេះ សូមកុំមើលរំលងចំណុចទាំងនេះ ពីព្រោះវាជាសញ្ញាប្រាប់ថា ទីក្រុងបាងកកអាចកើតហេតុការណ៍បែបនេះគ្រប់ពេលវេលា ។.jpg)
ទោះយ៉ាងណា ត្រូវរង់ចាំការស្វែងរកមូលហេតុច្បាស់លាស់បន្ថែមទៀតដែលបណ្តាលឱ្យផ្លូវបាក់ស្រុត និងសង្កេតមើលមានអ្វីខុសប្លែកដែរឬទេមុនពេលបាក់ស្រុតផ្លូវ ។ អ្វីគួរឱ្យតក់ស្លុតបំផុតនោះ គឺការបាត់ស្រុតផ្លូវនៅទីក្រុងបាងកកបានក្លាយជារណ្តៅយ៉ាងធំ និងជ្រៅជាងរណ្តៅនៅប្រទេសនានាដែលបានបាក់កន្លងមក ។.jpg)
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានមកពិនិត្យមើលនៅទីតាំងកើតហេតុផ្ទាល់ ហើយលោកថា នឹងចំណាយពេល២ថ្ងៃដើម្បីរកមូលហេតុការបាក់ស្រុតផ្លូវ រីឯការធ្វើផ្លូវរថភ្លើងក្រោមដីបណ្តាលឱ្យបាក់បំពង់បង្ហូរទឹកស្អាត គ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ ។ ការជួសជុលផ្លូវនេះឱ្យដូចដើមវិញ ត្រូវចំណាយពេលរហូតដល់១ឆ្នាំ ៕
 
		 
	









