ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹងការចោ.ទប្រកាន់របស់ថៃ ដែលថាប្រជាជនកម្ពុជានៅភូមិព្រៃចាន់ បានរំលោ.ភនិងទន្រ្ទានលើអធិបតេយ្យភាពរបស់ថៃដោយធ្វើការអះអាងថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួននៅតំបន់នេះបានឡើយ ព្រោះតំបន់នេះមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការ។

យោងតាមសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានអះអាងក្នុង សន្និសីទសារព័ត៌មានថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យ ប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា យល់ថាជាការចាំបាច់ត្រូវតែឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍បំភ្លៃការពិតនេះ ដូចខាងក្រោម៖
ទីមួយ ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍ រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងតំបន់នេះនៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ គឺមុនពេលនៃ MOU 2000 ទៅទៀត។.jpg)
ទីពីរ ការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និង ដីស្រែចម្ការរបស់ពួកគេ។
ទីបី សូម្បីតែតាមបន្ទាត់ត្រង់គូសក្រៅផ្លូវការមិនត្រឹមត្រូវក៏បង្ហាញដែរថា មានជនជាតិថៃបានកាន់កាប់ និងធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំលើផ្ទៃដីជាច្រើនហិកតាដែលស្ថិតនៅហួសខ្សែព្រំដែនចូលមកខាងកម្ពុជា។ ហើយកម្ពុជាបានអំពាវនាវឱ្យភាគីថៃដោះស្រាយ បញ្ហាតំបន់ជម្លោះនេះតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC) ប្រទេសទាំងពីរ ជាជាងការអនុវត្តច្បាប់ថៃ និងទាមទារអធិបតេយ្យដោយការប្រើកម្លាំងបណ្តេញអ្នកភូមិកម្ពុជា។

ទីបួន នៅក្នុងក្របខណ្ឌនៃ MOU 2000 កម្ពុជាបានធ្វើការតវ៉ាផ្លូវការជាច្រើនដងទៅភាគីថៃ ដោយស្នើសុំឱ្យមានការកែតម្រូវនៅតំបន់ដែលមានរំលោភ បំពានព្រំដែនចូលមកខាងកម្ពុជា ប៉ុន្តែមិនមានលទ្ធផលអ្វីឡើយ។ ភាពតានតឹងនាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការព្រំដែនចម្រុះ ឱ្យផ្តល់ អាទិភាព និងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាលើកំណាត់ព្រំដែនឲ្យខាងតែបាន។
ទីប្រាំ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះលក្ខខណ្ឌបទឈប់បាញ់ ដូចដែល បានកត់ត្រាក្នុងកិច្ចប្រជុំនានាកាលពីកន្លងមក ដោយកម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ រួមទាំងបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅអស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្តេញចេញរួចហើយត្រឡប់ ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាំព្រំដែន។
 
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាស្វែងរកដំណោះស្រាយប្រកបដោយដោយស្មារតីមេត្រីភាពចំពោះ រាល់ទំនាស់ព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការប្តេជ្ញាចិត្តរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវ ផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕
 
		 
	









