ភ្នំពេញ៖ ដោយឃើញមានសារព័ត៌មានចុះផ្សាយថា លោកថាក់សុីនមានទ្រព្យសម្បត្តិ និងមុខជំនួញរកសុីនៅកម្ពុជា ហើយអាជ្ញាធរកម្ពុជាកំពុងត្រៀមក្នុងការបង្កកទ្រព្យសម្បត្តិទាំងអស់នោះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា ព័ត៌មាននេះមិនមែនជាការពិតនោះទេ ហើយលោកថាក់សុីនពុំមានទ្រព្យសម្បត្តិអ្វីនៅកម្ពុជាឡើយ។
នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025 សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅលើទំព័រហ្វេសប៊ុកបានធ្វើបង្ហោះសំណេរយ៉ាងដូច្នេះថា៖ លោកទើបបានឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ សម្ដេចបានមានប្រសាសន៍បន្តថា៖ បើទោះលោកនិងឯកឧត្តម ថាក់ ស៉ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏លោកត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៉ីន ផងដែរ។
បន្ថែមពីនោះ សម្ដេចតេជោបានគូសបញ្ជាក់ថា មិនថា ឯកឧត្តម ថាក់ សុីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកសុីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ សុីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ សុីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។
ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ សុីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។
ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា៖ ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ ប្រឌិតរឿងខុសការពិត។ តែប្រសិនបើរឿងនេះចេញពីប្រទេសថៃ នោះត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ។
គួរជម្រាបថា ការចេញមកបញ្ជាក់របស់សម្ដេចតេជោដូចខាងលើនេះ គឺបន្ទាប់ពីមានការចេញផ្សាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់បានសរសេថា «លោកថាក់សុីន មានរបរជំនួញនិងមានទ្រព្យសម្បត្តិនៅកម្ពុជា» ។ ការផ្សព្វផ្សាយបំភ្លៃការពិតនេះ បានជំរុញឲ្យវាក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ការវែកញែកទាំងនៅថៃ និងកម្ពុជា៕