ពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានចូលមកដល់ហើយ ដោយនៅថ្ងៃទី ១១ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌទី ៤ ហើយ។ ក្នុងពិធីបុណ្យដ៏ឱឡារិកនេះ ច្រើនមានប្រជាជនខ្មែរគ្រប់វ័យ គ្រប់ជាន់ថ្នាក់ តែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងពួង ដែលបានចែកឋានទៅ។
ជាមួយគ្នានេះ ស្របពេលមានមនុស្សច្រើនកុះករ ទៅវត្តអារាម ទីកន្លែងសាសនានានានឹងមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។ យើងគ្រប់គ្នាត្រូវយល់ដឹងពីចំណុចទាំងនេះសិនមុនទៅវត្តអារាម ដើម្បីជៀសវាង ឬកាត់បន្ថយបញ្ហាអសន្តិសុខ ក៏ដូចជា ជាការគោរពដល់ទីកន្លែងទីសក្ការៈ និងរក្សាតម្លៃនៃព្រះពុទ្ធសាសនា។
ដូច្នេះ មុនពេលទៅវត្ត ត្រូវដឹង និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបម្រាមមួយចំនួនខាងក្រោមនេះ៖
១.សម្លៀកបំពាក់៖ ប្រជាជនខ្មែរតាំងពីបុរាណកាលមក តែងនិយមស្លៀកឈុតប្រពៃណី ជាពិសេសនារីៗ មានសំពត់ហូល អាវប៉ាក់ កន្សែងពានា ឬស្លៀកពាក់សមរម្យ អាវស ជាមួយសំពត់វែង ត្រឹមក្បាលជង្គង់ ឬភ្នែកគោ។ ហេតុនេះ មិនគួរស្លៀកពាក់មិនសមរម្យ ខើចខ្លី លេចលើលេចក្រោម ទៅវត្ដអារាមដែលជាទីកន្លែងសាសនាឡើយ។
២. អាកប្បកិរិយា និងសណ្ដាប់ធ្នាប់៖ ត្រូវរក្សាឲ្យបាននូវការចេះគោរព ឲ្យតម្លៃ មិនគួរស្រែកឡូឡាបង្កការរំខាន មិនជេរប្រទិចគ្នា ប្រើទូរស័ព្ទបើកសំឡេងឮខ្លាំង ប្រើកាយវិការច្រង៉េងច្រង៉ាង ច្រឡើសបើសដាក់ចាស់ទុំឡើយ។

៣.ពិសារគ្រឿងស្រវឹង និងលេងល្បែងស៉ីសង៖ នៅក្នុងទីធ្លារវត្តអារាមពុទ្ធសានិកមិនគួរប្រព្រឹត្តអំពើដែរផ្ទុយពីឱវាទព្រះពុទ្ធឡើយ ដូចជាការពិសារគ្រឿងស្រវឹង និងការលេងល្បែងស៉ីសងជាដើម។ ការប្រព្រឹត្តអំពើទាំងនេះ នៅក្នុងវត្តមិនត្រឹមមិនបានបុណ្យប៉ុណ្ណោះទេ ថែមទាំងនាំបាបទៅផ្ទះជាមួយផងដែរ។
៤.តុបតែងគ្រឿងលម្អហួសហេតុពេក៖ គ្រាន់តែទៅវត្តមិនគួរពាក់គ្រឿងអលង្ការជ្រែកខ្លួនឡើយ ជាពិសេសគឺនារីៗ មិនគួរតុបតែងមុខមាត់ក្រាស់ៗ ឬពាក់គ្រឿងលម្អកាយស្អេកស្កះពេកទេ ព្រោះអាចនាំឲ្យជនខិលខូចបានដៃ លួចប្លន់ ដែលធ្វើឲ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអសន្តិសុខនៅក្នុងវត្តអារមផងដែរ៕
 
		 
	









