ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃទទួលបានសំឡេងគាំទ្រពីគណបក្សប្រជាជនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បើទោះជាគណបក្សកាន់អំណាចភឿថៃព្យាយាមរារាំងក្តី ។ បន្ទាប់ពីគណបក្សប្រជាជនបដិសេធពុំគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ បេក្ខជនរបស់គណបក្សភឿថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីពីបានដាក់ញត្តិទៅព្រះមហាក្សត្រសុំរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតឡើងវិញប្រគល់អំណាចឱ្យពលរដ្ឋសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្ត្រី ប៉ុន្តែបរាជ័យ ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ សភាថៃនឹងរៀបចំការបោះឆ្នោតជាផ្លូវការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយពីការប៉ុនប៉ងរំលាយសភារបស់គណបក្សកាន់អំណាចភឿថៃបរាជ័យ ។ រីឯគណបក្សភឿថៃនៅតែពុំព្រមចុះចាញ់គណបក្សភូមិចៃថៃ ដោយនៅថ្ងៃទី៤ ខែកញ្ញានេះ គណបក្សភឿថៃសន្យារំលាយសភាភ្លាមៗ បើការបោះឆ្នោតរបស់សភានៅថ្ងៃទី៥ ខែកញ្ញា គាំទ្រលោក ឆ័យក្សេម ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ខណៈលោក អនុថីន នឹងរំលាយសភារយៈពេល៤ខែទៀត ។

គណបក្សកាន់អំណាចភឿថៃបានបង្ហោះក្នុងហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី៤ ខែកញ្ញា បញ្ជាក់ពីគោលជំហររបស់គណបក្សគាំទ្រលោក ឆ័យក្សេម ធ្វើជានាយករដ្ឋមន្ត្រីថ្មី ។ គណបក្សភឿថៃប្រកាសថា បើលោក ឆ័យក្សេម ទទួលបានការគាំទ្រ គឺបន្ទាប់ពីសេចក្តីថ្លែងការណ៍គោលនយោបាយទៅសភា គណបក្សនឹងរំលាយសភាភ្លាមដើម្បីប្រគល់អំណាចឱ្យពលរដ្ឋ ។

នៅថ្ងៃដដែល លោក សូរ៉ាវង្ស ថៀនថង លេខាធិការគណបក្សភឿថៃបានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា នេះជាសំណើចុងក្រោយរបស់គណបក្សភឿថៃឱ្យសភាបោះឆ្នោតគាំទ្រលោក ឆ័យក្សេម ជានាយករដ្ឋមន្ត្រី ហើយគណបក្សភឿថៃនឹងរំលាយសភាភ្លាមក្រោយធ្វើសេចក្តីថ្លែងការណ៍គោលនយោបាយទៅសភា ។

ចំណែកលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភឿថៃ ក៏បានគាំទ្រគោលជំហររបស់គណបក្សភឿថៃដែរ ដែលជំរុញឱ្យលោក ឆ័យក្សេម កាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ។ លោកស្រីនិយាយថា ការរំលាយសភាភ្លាមៗ គឺជាការប្រគល់អំណាចឱ្យពលរដ្ឋជ្រើសរើសនាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោត ។

ដូចគ្នានេះ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា គណបក្សភឿថៃបានជំរុញឱ្យលោក ឆ័យក្សេម ធ្វើជានាយករដ្ឋមន្ត្រីថ្មី បើគណបក្សប្រជាជន (គណបក្សប្រឆាំង) មានចក្ខុវិស័យ និងគិតពីប្រទេសជាតិ គឺអាចបោះឆ្នោតគាំទ្រលោក ឆ័យក្សេម ។ បើលោក ឆ័យក្សេម ទទួលបានសំឡេងគាំទ្រច្រើន លោកនឹងប្រើប្រាស់អំណាចរំលាយសភាភ្លាម ពុំចាំបាច់រង់ចាំរហូតដល់៤ខែទេ ។

តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃពុំទាន់ច្បាស់លាស់នៅឡើយរវាងលោក អនុថីន និងលោក ឆ័យក្សេម តើអ្នកណានឹងទទួលបានសំឡេងគាំទ្រច្រើនឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រី? នៅថ្ងៃទី៥ ខែកញ្ញា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ទើបដឹងលទ្ធផលច្បាស់លាស់។ រីឯគណបក្សប្រជាជនអាចផ្លាស់ប្តូរគោលជំហរឬក៏យ៉ាងណា បន្ទាប់ពីគណបក្សកាន់អំណាចភឿថៃសន្យារំលាយសភាភ្លាមៗបែបនេះ ៕