បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរួបរួមកម្លាំងសាមគ្គីទៅតវ៉ាជាមួយទាហានឈ្លានពានថៃដែលសុទ្ធតែប្រដាប់ដោយអាវុ.ធ និងបានធ្វើសកម្មភាពយកបន្លាលួសមករាយព័ទ្ធលើទឹកដីកម្ពុជាកាន់តែគឃ្លើន។
គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា តាមរយៈការយកលួស យកសំណាញ់មកព័ទ្ធលើដីភូមិ បិទផ្លូវ និងផ្ទះរបស់ពលរដ្ឋកម្ពុជាដោយមិនគោរពកិច្ចព្រៀងនៅក្នុងកិច្ចប្រជុំ RBC ស្ដីពីការមិនពង្រីកជម្លោះ និងមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចឡើយ។
តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទាហានថៃទាំងនោះបានលើកគ្នាមកជាង៥០នាក់ ប្រដាប់ទៅដោយអាវុ.ធគ្រប់ដៃ បានបោះគោលដៅវាទីលើទឹកដីខ្មែរស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរអស់ការអត់ធ្មត់នាំគ្នាទៅតវ៉ាស្រែកបណ្ដេញពួកគេចេញទៅវិញ។
តាមរយៈវីដេអូដែលបានបង្ហោះដោយបងប្អូនប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ខាងលើនេះ ក៏បានបង្ហាញឲ្យឃើញថា ទាហានរបស់កម្ពុជាប្រហែលជា៣០នាក់ ក៏មានវត្តមាននៅទីនោះឈរជើងបាំងពីមុខបងប្អូនពលរដ្ឋយ៉ាងអង់អាចដើម្បីទប់ស្កាត់ស្ថានការតានតឹង បើទោះជាក្នុងដៃគ្មានអាវុ.ធដូចភាគីម្ខាងទៀតក្ដី។
ទោះជាយ៉ាងណា ក្រោយពីប៉ះទង្គិចពាក្យសំដីគ្នាបានប្រមាណជា ៤០នាទី ទាហានឈ្លានពានថៃទាំងនោះបានដកថយទៅវិញហើយ។ នេះបើតាមការអះអាងរបស់ពលរដ្ឋ។ ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋខ្មែរទាំងឡាយដែលបានទស្សនាសកម្មភាពតវ៉ារបស់បងប្អូននៅភូមិជោគជ័យនេះហើយមានមោទនភាពជាខ្លាំងចំពោះ ភាពរួបរួមសាមគ្គីគ្នាមិនខ្លាចចោ.រឈ្លា.នពា.ន ការពារទឹកដី និងនាំគ្នាស្រែកថា «នេះជាដីខ្មែរ» ដើម្បីបណ្ដេញទាហានថៃទាំងនោះឲ្យដកថយ៕
		
	









