ប្រទេសថៃ ៖ មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃបានវាយតម្លៃការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត និងមៀវឌី បានធ្វើឱ្យថៃបាត់បង់ចំណូលពីការនាំចេញទំនិញយ៉ាងខ្លាំង គឺស្មើ៥,៦០០លានបាតក្នុង១ខែ (ឬស្មើជាង១៥១លានដុល្លារ) ប្រសិនបើមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗទាំងអស់ ថៃនឹងបាត់បង់ចំណូលរហូតដល់៩,៧០០លានបាតក្នុង១ខែ (ឬស្មើជាង២៦១លានដុល្លារ) ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី១៨ ខែសីហា កន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបិទព្រំដែនមេស៊ត-មៀវឌី នៅស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មព្រំដែន ដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាចង់កាត់ផ្តាច់ហិរញ្ញវត្ថុរបស់ក្រុមប្រឆាំង និងកាត់បន្ថយការជួញដូរខុសច្បាប់ ដែលជាប្រភពចំណូលដ៏សំខាន់របស់កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច ។.jpg)
ប៉ុន្តែការបិទព្រំដែនរបស់មីយ៉ាន់ម៉ាធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងថៃយ៉ាងខ្លាំង ដោយសារថៃបានធ្វើពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ាភាគច្រើននៅតំបន់ព្រំដែន ស្មើរហូតដល់៨២.៥% ។ កាលពីឆ្នាំ២០២៤ ថៃបាននាំចេញទំនិញតាមព្រំដែនគោកមីយ៉ាន់ម៉ា ស្មើទឹកប្រាក់១១៧,៧២៦លានបាត ប្រមាណ៨០% នៃការនាំចេញទំនិញសរុបទៅមីយ៉ាន់ម៉ា ខណៈការនាំចូលទំនិញពីមីយ៉ាន់ម៉ាតាមព្រំដែនគោក ស្មើទឹកប្រាក់៩១,៣៩៨លានបាត ប្រមាណ៨៥% នៃការនាំចូលទំនិញសរុបពីមីយ៉ាន់ម៉ា ។
ព្រំដែននៅស្រុកមេស៊ត ខេត្តតាក គឺជាព្រំដែននាំចេញទំនិញថៃដ៏សំខាន់បំផុតទៅមីយ៉ាន់ម៉ា ពីព្រោះថៃអាចដឹកជញ្ជូនទំនិញទៅដល់ចំណុចកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយចំណាយពេលមិនដល់១ថ្ងៃ និងចំណាយថ្លៃដឹកជញ្ជូនតិចដោយសារមានផ្លូវល្អ ។ រីឯការដឹកទំនិញតាមច្រកព្រំដែនផ្សេងពិបាកធ្វើដំណើរ ខណៈការដឹកទំនិញតាមផ្លូវទឹកទៅទីក្រុងយ៉ាំងហ្គន ត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ថ្ងៃ ។
ការបិទព្រំដែនរបស់មីយ៉ាន់ម៉ាធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃពឹងផ្អែកលើចំណូលពីការលក់ដូរនៅស្រុកមេស៊ត ខេត្តតាក ខណៈរថយន្តដឹកទំនិញថៃរាប់រយគ្រឿងកកស្ទះនៅព្រំដែន ។ ឈ្មួញថៃបាត់បង់ទាំងដើមទុន និងឱកាសពាណិជ្ជកម្ម ជាពិសេស ការនាំចេញទូរស័ព្ទស្មាតហ្វូនភាគច្រើន គឺនាំចេញតាមច្រកព្រំដែនមេស៊ត ។ ក្រៅពីនេះ ក៏ប៉ះពាល់ដល់ការនាំចេញឱសថ, ដូងប្រេង និងទំនិញកសិកម្ម ហើយថៃបារម្ភពីរដ្ឋាភិបាលមីយ៉ាន់ម៉ាអាចនឹងបិទព្រំដែនផ្សេងៗបន្ថែមទៀត ។
តាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃឱ្យដឹងថា មីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត-មៀវឌី ថៃនឹងខាតបង់ចំណូលពីការនាំចេញទំនិញ ចំនួន៥,៦០០លានបាតក្នុង១ខែ ឬស្មើ៤.៨% ។ ប្រសិនបើមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗទាំងអស់ ថៃនឹងបាត់បង់ចំណូលរហូតដល់៩,៧០០លានបាតក្នុង១ខែ ឬស្មើ៨.២% ។
ឈ្មួញថៃបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដោយសារការបិទព្រំដែនរបស់មីយ៉ាន់ម៉ានៅចំណុចស្រុកមេស៊ត-មៀវឌី និងបារម្ភខ្លាចមីយ៉ាន់ម៉ាបិទព្រំដែនផ្សេងៗថែមទៀត ខណៈឈ្មួញថៃកំពុងរងផលប៉ះពាល់ខ្លាំងដោយសារកងទ័ពបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជា ។ ពួកគេរំពឹងថា ព្រំដែនថៃជាមួយប្រទេសជិតខាងនឹងបើកឡើងវិញឆាប់ៗដើម្បីឱ្យការធ្វើពាណិជ្ជកម្មត្រឡប់មកប្រក្រតីឡើងវិញ ៕










