ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងកម្លាំងបូរ៉ាផាថៃបានប្រកាសច្បាប់អាជ្ញាសឹកនៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលលើទឹកដីថៃ ។ ច្បាប់អាជ្ញាសឹកនេះដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិណងចាន់ កងទ័ពថៃបានសុំការសហការពីពលរដ្ឋគ្រប់រូបចូលរួមតាមដាន បើឃើញអ្វីខុសប្រក្រតី ត្រូវរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ។

កាលពីថ្ងៃទី២៨ ខែសីហា មេបញ្ជាការកងទ័ពបូរ៉ាផា លោកឧត្តមសេនីយ៍ ប៊ិនចាផុង ដេឆាជិវង្ស បានចុះហត្ថលេខាលើសេចក្តីប្រកាសច្បាប់អាជ្ញាសឹកដោយកំណត់តំបន់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុង៧ស្រុក នៅខេត្តស្រះកែវ រួមមាន ៖ ស្រុកតាប្រាយ៉ា, ខូកស៊ូង, អារញ្ញប្រាថេត, ឃ្លងហាត, វឌ្ឍនាណាខន, វាំងស៊ុមប៊ូន និងស្រុកវាំងណាមយេន ។

ការប្រកាសច្បាប់អាជ្ញាសឹកនេះ គឺកងទ័ពថៃចោទប្រកាន់ថា ពលរដ្ឋខ្មែរបានបង្កចលាចលលើទឹកដីថៃ នៅព្រំដែនភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ទើបប្រទេសថៃចាំបាច់ត្រូវតែប្រើប្រាស់កម្លាំងកងទ័ព សមត្ថកិច្ច និងពលរដ្ឋថៃគ្រប់រូប ដើម្បីការពារតំបន់ពីការគំរាមកំហែង ។

ក្រៅពីនេះ វានឹងជួយរក្សាអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃ ។ ថៃចាំបាច់ត្រូវកំណត់វិធានការរក្សាសន្តិសុខក្នុងតំបន់ ស្ថិតក្រោមអំណាចច្បាប់អាជ្ញាសឹក មាត្រា១១ ឆ្នាំ១៩១៤ ដោយតំបន់សន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់នឹងអនុវត្តតាមវិធានការដូចខាងក្រោម ៖
១-ភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកែវ គឺជាតំបន់រក្សាសន្តិសុខ សណ្តាប់ធ្នាប់
២-កំណត់ផ្លូវស្រ៊ីផេញ នៅភូមិណងចាន់ ឃុំណូនម៉ាកមូន ស្រុកខូកស៊ូង ខេត្តស្រះកេវ គឺជាខ្សែបន្ទាត់រក្សាសន្តិសុខ សណ្តាប់ធ្នាប់
៣-វិធានការចូលក្នុងតំបន់សន្តិសុខ (ភូមិណងចាន់) រួមមាន ៖
-ហាមយកអាវុធគ្រប់ប្រភេទ ឬអាវុធក្លែងក្លាយចូលក្នុងតំបន់
-ហាមបិទផ្លូវដែលប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អាជ្ញាធរ និងការរស់នៅរបស់ពលរដ្ឋក្នុងតំបន់
-ហាមថតរូបទីតាំងប្រតិបត្តិការកងទ័ព
-ហាមមានជម្លោះ និងផឹកគ្រឿងស្រវឹង
-ហាមយកឧបករណ៍បំពងសំឡេងចូលក្នុងតំបន់ដោយគ្មានការអនុញ្ញាត ។
កងទ័ព សមត្ថកិច្ច និងអាជ្ញាធរថៃ នឹងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋគ្រប់រូប និងការពារទឹកដីពុំឱ្យប្រទេសណាល្មើស ។ កងទ័ពថៃក៏បានសុំការសហការពីពលរដ្ឋគ្រប់រូបចូលរួមតាមដាន បើឃើញអ្វីខុសប្រក្រតី ត្រូវរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ។

ថៃបានចោទប្រកាន់ពលរដ្ឋខ្មែរបង្កចលាចលនៅព្រំដែនភូមិណងចាន់ ទើបថៃបង្ខំចិត្តប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ប៉ុន្តែការពិត ពលរដ្ឋថៃទៅវិញទេដែលបង្កចលាចលនៅតំបន់នេះ ។ ជាច្រើនថ្ងៃហើយដែលពលរដ្ឋថៃសម្រុកធ្វើដំណើរមកភូមិណងចាន់ ដើម្បីលើកទឹកចិត្តកងទ័ពរបស់ខ្លួនឱ្យរាយបន្លាលួសព័ទ្ធយកដីខ្មែរ ហើយពលរដ្ឋថៃថែមទាំងបញ្ជូនឧបករណ៍បំពងសំឡេងតាមរថយន្តធំៗមករាំរែកយ៉ាងកងរំពងទៀតផង ។

លើសពីនេះ កាលពីថ្ងៃទី២៨ ខែសីហា Influencer ថៃបានបញ្ជូនរថយន្តដឹកលាមក ចំនួន១៤គ្រឿង មកកាន់ភូមិណងចាន់ ដើម្បីស្រោចលើពលរដ្ឋ ដែលនេះជាទង្វើដ៏ស្មោគគ្រោក និងបាតផ្សារ ។ សកម្មភាពទាំងអស់នេះជាការបង្កចលាចលនៅភូមិណងចាន់ ទល់មុខភូមិសាស្ត្រច្រកអូរបីជាន់ ខណៈកម្ពុជាអត់ធ្មត់ គោរពបទឈប់បាញ់ មិនញុះញង់ និងបន្តការចរចាជាមួយថៃក្នុងគោលបំណងបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរឆាប់ៗ ៕










