ក្រុមហ៊ុន EDF Energy បានអនុវត្តការបំផ្លាញប៉មត្រជាក់ចំនួន ៨ ចោល នៅស្ថានីយ៍ថាមពល Cottam Power Station ក្នុងពេលតែមួយ បង្កើតបានកំណត់ត្រា Guinness World Record ថ្មី សម្រាប់ការកម្ទេចប៉មត្រជាក់ច្រើនបំផុតក្នុងពេលតែមួយ។
ប៉មនីមួយៗមានកំពស់ ១១៤ ម៉ែត្រ (ប្រហែល ៣៧៥ ហ្វីត) និងបានបំផ្លាញក្នុងរយៈពេលតែ ១០ វិនាទី ប៉ុណ្ណោះ ដោយប្រើសារធាតុផ្ទុះជាងកន្លះតោន។ ការកម្ទេចនេះត្រូវបានរៀបចំ និងអនុវត្តដោយក្រុមហ៊ុន Brown & Mason ដែលមានជំនាញខ្ពស់ក្នុងវិស្វកម្មការបំផ្លាញប៉មត្រជាក់។
លោក Kieran Green អ្នកគ្រប់គ្រងកម្មវិធីបិទ និងបំផ្លាញ EDF Energy បាននិយាយថា “ការកម្ទេចបង្កើតកំណត់ត្រានេះគឺជាការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ និងបានអនុវត្តដោយ សុវត្ថិភាព។ ប៉មទាំងនេះមានអត្ថន័យសម្រាប់តំបន់ជាង ៥០ ឆ្នាំ មកហើយ ហើយវានឹងត្រូវបានចងចាំដោយមនុស្សជាច្រើន។”

ទោះជាយ៉ាងណា លោក Rachael Glaving អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម UK, បានថ្លែងថា “ស្ថានីយ៍នេះមានប្រវត្តិសាស្រ្តយ៉ាងសំខាន់ សម្រាប់មនុស្សក្នុងតំបន់ ហើយក្រុមហ៊ុន EDF កំពុងពិចារណាអំពី ការអភិវឌ្ឍន៍ជាថ្មី សម្រាប់ទីតាំងនេះ។”.jpg)
គួររំលឹកថា Cottam Power Station បានដំណើរការចាប់តាំងពីឆ្នាំ ១៩៦៨ ដល់ ២០១៩ វាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីឱ្យប្រហែល ៣.៧ លានគ្រួសារនៅចក្រភពអង់គ្លេស។ ការបំផ្លាញប៉មទាំង ៨ នេះជាជំហានសំខាន់ចុងក្រោយក្នុងដំណើរការបិទ និងសម្អាតស្ថានីយ៍ថាមពលនេះ។ យ៉ាងណាមិញ ការសម្អាតស្ថានីយ៍ទាំងស្រុងទំនងនឹងបញ្ចប់ នៅដើមឆ្នាំ ២០២៦៕










