វ៉ាសុីនតោន៖ ប្រវត្តិសាស្រ្តកំពុងត្រូវបានចារហើយនៅពេលនេះ! ប្រធានាធិបតីអាមេរិក លោក Donald J. Trump បានថ្លែងសរសើរកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជានៅក្នុងលិខិតផ្លូវការមួយរបស់សេតវិមាន បន្ទាប់ពីលោកត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រជាពលរដ្ឋកម្ពុជាបានផ្ដល់ការគាំទ្រដល់រូបលោកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

នៅក្នុងលិខិតរបស់សេតវិមាន ដែលបានចេញនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក Trump បានលើកសរសើរពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា និងបានសរសើរដល់លោក ហ៊ុន ម៉ាណែត ថាជាមេដឹកនាំដ៏រឹងមាំដែលផ្តល់តម្លៃដល់សន្តិភាព និងបានរំលឹកពិភពលោកថា កិច្ចព្រមព្រៀងឈប់បា.ញ់របស់គាត់បានបញ្ចប់ការបង្ហូរឈា.មរវាងកម្ពុជាជាមួយថៃ ដោយបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងបានបើកទ្វារឆ្ពោះទៅរកភាពរុងរឿង។
បន្ថែមពីនោះ លោក Trump បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដោយបានបញ្ចប់នូវសោ.កនាដកម្មនៃជម្លោះប្រដាប់អាវុធ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ចាប់ពីពេលនេះតទៅ យើងអាចផ្តោតការយកចិត្តទុកដាក់ជាមួយគ្នាលើការកសាងវិបុលភាព សម្រាប់ប្រជាជាតិដ៏អស្ចារ្យរបស់យើងទាំងពីរ។
គួររំលឹកថា ចាប់តាំងពីទទួលបានបទឈប់បា.ញ់ដើម្បីយកមកអនុវត្តមក ប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តគោរពនូវកិច្ចព្រងព្រៀងនេះបានយ៉ាងខ្ជាប់ខ្ចួន។ ក្នុងនោះ ថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ(Donald Trump) សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា តាមរយៈការដាក់លិខិតគាំទ្រលោកត្រាំនេះ គឺស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ៕










