ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីការចរចាព្រំដែនជាមួយកម្ពុជាពុំបញ្ចប់ដោយងាយទេ និងចោទប្រកាន់កម្ពុជានិយាយផ្សេងខុសពីលទ្ធផលចរចា ។ ថៃចង់បានសុខសន្តិភាពជាប្រទេសជិតខាងល្អ ប៉ុន្តែលោកតានតឹងផ្លូវចិត្ត ពីព្រោះពេលភាគីទាំងពីរចរចាអ្វី កម្ពុជាយកទៅនិយាយផ្សេង ហើយលោកថា ប្រទេសខ្លះចរចាព្រំដែនរហូតដល់រាប់រយឆ្នាំ ខណៈកម្ពុជា-ថៃទើបចាប់ផ្តើមចរចាជាថ្មី ។
នាវេលាម៉ោង៩និង១០នាទី ថ្ងៃទី២៥ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៥ ខែសីហា រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតរបស់ថៃ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថា គ្មានអ្វីផ្លាស់ប្តូរទេ ពីព្រោះកិច្ចប្រជុំនេះបន្តពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមក ។
កិច្ចប្រជុំអាចពិភាក្សាខុសគ្នាខ្លះអាស្រ័យលើទីកន្លែង និងបញ្ហា ប៉ុន្តែការពិភាក្សាផ្អែកលើខ្លឹមសារបន្តពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) លើកមុន ។ វាជាជជែកគ្នារវាងមេបញ្ជាការកងទ័ព ហើយការជជែកភាគច្រើនស្តីពីបញ្ហាព្រំដែន និងធ្វើដូចម្តេចដើម្បីទទួលបានលទ្ធផលសរុបដូចគ្នាបំផុត ។ ភាគីថៃពុំបានជជែករឿងបន្លាលួសជាមួយកម្ពុជាទេ ហើយបញ្ហាដែលថៃតានតានផ្លូវចិត្ត គឺពេលថៃចរចាអ្វីជាមួយកម្ពុជា ខាងកម្ពុជាយកទៅនិយាយផ្សេងខុសពីលទ្ធផលចរចា ។
លោក ភូមិថាំ បន្តថា ពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជួបជាមួយគណៈកម្មការពាក់ព័ន្ធនឹងអនុសញ្ញាអូតាវ៉ាដើម្បីបង្ហាញភស្តុតាងទាំងអស់ ។ ថៃចង់បានសន្តិភាពជាប្រទេសជិតខាងល្អ ប៉ុន្តែថៃពុំឱ្យអ្នកណាល្មើសអធិបតេយ្យ ខណៈកម្ពុជានិយាយអ្វីស្រេចតែកម្ពុជា ពីព្រោះការពិតនៅតែជាការពិត អន្តរជាតិបានឃើញរួចហើយ ។
បច្ចុប្បន្ន កម្ពុជា និងថៃកំពុងដំណើរការចរចា បើមើលពីប្រវត្តិសាស្ត្រពិភពលោក គឺការចរចារឿងព្រំដែនពុំមែនបញ្ចប់ងាយៗទេ ប្រទេសខ្លះចរចារាប់សិបឆ្នាំ ប្រទេសខ្លះទៀតចរចារហូតដល់រាប់រយឆ្នាំ ខណៈកម្ពុជា-ថៃទើបចាប់ផ្តើមចរចាជាថ្មី ។ ថៃមានបញ្ហាព្រំដែនជាមួយកម្ពុជារហូតមក ប៉ុន្តែបញ្ចប់ជាដំណាក់កាល អាស្រ័យលើស្ថានការណ៍នីមួយៗដូចម្តេច ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតរបស់ថៃ ។ កិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិច ។
ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ។ តាមរយៈ ការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕










