ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា អ្នកជំនាញ និងវិស័យឯកជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃផ្អាកនាំចូលពលករស្រីលង្កាមកធ្វើការនៅប្រទេសថៃជំនួសពលករខ្មែរ ដោយសារពលករស្រីលង្កាខ្វះជំនាញការងារផ្នែកកសិកម្ម នេសាទ និងសំណង់ និងពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការ ។ ហេតុនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តពលករថៃមកធ្វើការវិញ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលឱ្យពលករថៃខ្ពស់ជាង ។.jpg)
អ្នកស្រី កិរិយា គុនកុលឡាកាន សាស្ត្រាចារ្យសាកលវិទ្យាល័យ Thammasat បាននិយាយពីផលប៉ះពាល់ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញថា បើទោះជាប្រទេសថៃពុំទាន់រងផលប៉ះពាល់ខ្លាំងក្តី ប៉ុន្តែវាប៉ះពាល់ដល់ឧស្សាហកម្មមួយចំនួនដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជា ដូចជា ៖ ផ្នែកសំណង់ នេសាទ និងបេះផ្លែឈើក្នុងចម្ការ ។ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានតួលេខបញ្ជាក់ថា តើពលករខ្មែរបានចាកចេញពីថៃតិច ឬច្រើនកម្រិតណា ។
ពេលនេះ រដ្ឋាភិបាលថៃពុំនិយាយពីការខ្វះខាតពលករជាផ្លូវការទេ ដោយសារមូលហេតុសន្តិសុខ ប៉ុន្តែពុំគួរយកផលប៉ះពាល់សេដ្ឋកិច្ចមកបញ្ចូលជាមួយបញ្ហាសន្តិសុខ ។ រដ្ឋាភិបាលត្រូវបែងចែករវាងសេដ្ឋកិច្ច និងសន្តិសុខឱ្យដាច់ពីគ្នា រួចហើយដោះស្រាយបញ្ហាជាមួយគ្នា គឺពុំចាំបាច់យកសេដ្ឋកិច្ចមកនាំមុខសន្តិសុខ ឬយកសន្តិសុខនាំមុខសេដ្ឋកិច្ច បច្ចុប្បន្ន រដ្ឋាភិបាលថៃផ្តោតសំខាន់លើសន្តិសុខខ្លាំងជាង ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី កិរិយា ។.jpg)
អ្នកស្រីពុំប្រាកដចិត្តថា តើរដ្ឋាភិបាលថៃបានស្ទង់មតិនិយោជក ឬសួរយោបល់ថៅកែថៃហើយឬនៅ មុននឹងនាំចូលពលករស្រីលង្កា ។ យើងយល់ឃើញដូចគ្នាថា ថៅកែថៃពុំត្រូវការពលករស្រីលង្កាទេ ដោយសារពលករស្រីលង្កាមានជំនាញផ្នែកសេវាកម្ម ប៉ុន្តែខ្វះជំនាញធ្វើការសំណង់ នេសាទ និងបេះផ្លែឈើ ។ ដូច្នេះ ពុំប្រាកដថា ពេលរដ្ឋាភិបាលនាំចូលពលករស្រីលង្កា តើនឹងមានថៅកែថៃជួលធ្វើការឬក៏អត់ ។
ការដោះស្រាយបញ្ហាបន្ទាន់ គឺរដ្ឋាភិបាលគួរយកពលករថៃមានជំនាញមកធ្វើការជំនួសពលករខ្មែរ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលខ្ពស់ជាង និងអត្ថប្រយោជន៍ផ្សេងៗ ។ អ្នកស្រីបាននិយាយពីចម្ការមៀនមួយកន្លែងនៅខេត្តចាន់បុរី ខ្វះខាតពលករខ្មែរបេះផ្លែមៀន ទើបម្ចាស់ចម្ការជ្រើសរើសពលករថៃជាង៣ម៉ឺននាក់មកបេះផ្លែមៀន ដោយផ្តល់ប្រាក់ឈ្នួលពី៧០០បាត ទៅ១,៣០០បាតក្នុង១ថ្ងៃ ព្រមទាំងផ្តល់កន្លែងស្នាក់នៅពុំគិតថ្លៃ និងធ្វើកិច្ចសន្យាការងារ៩ខែ ។ នេះជាការជួយឱ្យពលករថៃទទួលបានចំណូលជាមធ្យម ពីជាង២ម៉ឺនបាត ទៅ៤ម៉ឺនបាតក្នុង១ខែ ហើយអ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលលើកទឹកចិត្តពលករថៃ ល្អជាងនាំចូលពលករស្រីលង្កា ។
ដូចគ្នានេះ លោក ឯកសិទ្ធិ ឃុនណាណាន់ថាគុន ប្រធានសហភាពនិយោជកប្រទេសថៃ (ECOT) បាននិយាយពីគណៈរដ្ឋមន្ត្រីថៃឯកភាពឱ្យនាំចូលពលករស្រីលង្កាមកធ្វើការនៅថៃដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម ជាពិសេស ខ្វះខាតពលករខ្មែរ ថា ពលករស្រីលង្កាពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការរបស់ឧស្សាហកម្មបានទេ ជាពិសេស ឧស្សាហកម្មដែលធ្លាប់ទទួលពលករខ្មែរធ្វើការ ដោយសារពលករខ្មែរដែលចាកចេញពីថៃ ភាគច្រើនធ្វើការផ្នែកកសិកម្ម នេសាទ និងសំណង់ ។
ពលករស្រីលង្ហាអាចមានបញ្ហាក្នុងការទំនាក់ទំនងជាភាសាថៃ ឬពិបាកនិយាយភាសាថៃ ហើយពលករស្រីលង្កាអាចស្ទាត់ជំនាញធ្វើការផ្នែកសិប្បកម្ម ឬសេវាកម្មក្នុងសណ្ឋាគារច្រើនជាង ។ ក្រៅពីនេះ ថៃត្រូវពិចារណាពីការផ្តល់ប្រាក់ឈ្នួលខ្ពស់ឱ្យពលករស្រីលង្កាផងដែរ ពីព្រោះប្រទេសស្រីលង្កានៅឆ្ងាយពីថៃជាងកម្ពុជា ដូច្នេះ ពួកគេនឹងចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរ ។ នេះបើតាមការអះអាងរបស់លោក ឯកសិទ្ធិ ៕










