ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានខិតជិតមកដល់ហើយ ដោយគេសង្កេតឃើញនៅតាមមណ្ឌលប្រឡងនានា ក៏បានបិទបញ្ជីរាយនាមសិស្សានុសិស្សដែលត្រូវប្រឡងរួចរាល់ដែរ។ យ៉ាងណាមិញ ដើម្បីទទួលបានភាពជោគជ័យក្នុងការខិតខំប្រឹងប្រែងរយៈពេល ១២ ឆ្នាំមកនេះ ប្អូនៗដែលជាបេក្ខភាពប្រឡងទាំងអស់គួរដឹងពីគន្លឹះ និងយកចិត្តទុកដាក់លើរឿងទាំងអស់នេះសិន ដើម្បីទទួលបានលទ្ធផលជោគជ័យទៅតាមនិទ្ទេសដែលប្អូនៗប្រថ្នា។

ជឿជាក់ថាប្អូនៗច្បាស់ជាបានដំបូន្មានខ្លះៗ ពីលោកគ្រូ អ្នកគ្រូ ឬសិក្សច្បងរួចមកហើយ អំពីពិធីធ្វើយ៉ាងណាឲ្យការប្រឡងរយៈពេល ២ ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងរលូន។ ប៉ុន្តែថ្ងៃនេះ ខេប៊ីអិន បាននាំយកនូវការក្រើនរំលឹក ក៏ដូចជាសារខ្លះៗ ដល់ប្អូនសិស្សានុសិស្សទាំងអស់ ដែលការប្រឡងនឹងមកដល់នៅសប្ដាហ៍ក្រោយនេះ។ ដូច្នោះ មិននឹងឈានជើងចូលមណ្ឌលប្រឡងប្អូនៗ គួរត្រៀម និងយល់ដឹងពីគន្លឹះប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិន

១. ថែរក្សាសុខភាពឲ្យបានល្អ
សុខភាពជារឿងសំខាន់បំផុត ដូចនេះគួរជាសវាងញ្ញាំអាហារដែលជះផលមិនល្អសម្រាប់សុខភាព ដូចជាអារហារហឹរ ឬមានរសជាតិដិតពេក ដែលអាចបណ្ដាលឲ្យមានបញ្ហារាគរុស ពុល ឬបញ្ហាផ្សេងៗទៀត។ ម្យ៉ាងទៀត ត្រូវគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី ៧ ទៅ ៨ ម៉ោង ដោយការគេងមិនគ្រប់គ្រាន់ធ្វើឲ្យរំខានដល់ការប្រឡង។

២. រៀបចំឯកសារចាំបាច់ និងឯកសណ្ឋាន
ឯកសារចាំបាច់ផ្សេងៗ ដូចជា ប័ណ្ណសំគាល់ខ្លូន គឺសំខាន់ជាងគេ ព្រមទាំងប៊ិក ខ្មៅដៃ ជ័រលុប និងបន្ទាត់ជាដើម ត្រូវរៀបចំឲ្យបានរួចស្រេច។ ចំពោះ ឯកសណ្ឋានក៏ត្រូវរៀបចំឲ្យរួចរាល់ផងដែរ ដូចជា ខោ សំពត់ និងអាវរៀនជាដើម ឲ្យបានសមរម្យស្របតាមការប្រកាសរបស់ក្រសួង ជៀសវាងដល់ថ្ងៃហើយទើបរៀបចំ អាចធ្វើឲ្យភ្លេចភ្លាំងខ្វះមុខខ្វះក្រោយ និងខាតពេលវេលាផងដែរ។

៣. ពិនិត្យមើលទីតាំងប្រឡង
ពេលដល់ថ្ងៃសាលាប្រកាសបិទបញ្ជីឈ្មោះបេក្ខភាពប្រឡង បេក្ខជនទាំងអស់ ត្រូវទៅពិនិត្យមើល និងផ្ទៀងផ្ទាត់មើល មណ្ឌលប្រឡង លេខតុ និងលេខបន្ទប់ងឲ្យបានច្បាស់ កុំឲ្យដល់ថ្ងៃហើយទើបភ័យស្លន់ស្លោទៅរកមើល។

៤. ពេលកំពុងប្រឡង គួរ
– អានប្រធានបទ ឬសំណួរឲ្យបានច្បាស់លាស់ មុននឹងសសេរដាក់លើក្រដាសកិច្ចការ
– សរសេរអក្សរឲ្យស្អាត មានរបៀបរៀបរយ ច្បាស់លាស់ងាយអាន ដើម្បីឲ្យអ្នកកែវិញ្ញាសាងាយស្រួលពិនិត្យនិងកែក្រដាសកិច្ចការ
– រក្សាចិត្តឲ្យនឹងនរ តាំងចិត្តឲ្យស្ងប់ មិនភ័យស្លន់ស្លោ និងត្រូវជឿជាក់លើខ្លួន។ ជាពិសេសគឺមិនគួរដាក់សម្ពាធលើខ្លួនឯង ព្រោះតែរឿងនិទ្ទេសឡើយ។

ជាចុងក្រោយ ក៏សូមជូនពរដល់ប្អូនៗ បេក្ខជន បេក្ខនារីទាំងអស់ ឲ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង៕