កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង ដែលសុទ្ធតែជាម៉ូតូរឹបអូសមកជាសម្បត្តិរដ្ឋ ជូនដល់កងកម្លាំងជួរមុខយកទៅបំពេញការងារ បម្រើក្នុងអង្គភាព ដែលឈរជើងការពារតាមបន្ទាត់ព្រំដែន ជាពិសេសសម្រាប់ដឹកជញ្ជូនឡើងចុះឲ្យកាន់តែមានភាពងាយស្រួល។
ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទប់ទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។

លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា: ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកនឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតនោះទេ។
គួរជម្រាបថា ការផ្ដល់ជូននេះត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម ក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្ដកំពង់ចាម ហើយលោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានប្រគល់ជូនដោយផ្ទាល់។ ការយកម៉ូតូដែលរឹបអូសជាសម្បត្ដិរដ្ឋប្រគល់ជូនកងទ័ពនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដោយខេត្ដកំពង់ចាមគឺជាខេត្ដដំបូងគេហើយដែលបានធ្វើរឿងនេះ៕










