ប្រទេសជប៉ុន ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អាជ្ញាធរជប៉ុនត្រៀមជម្លៀសពលរដ្ឋជាង៥សែន២ម៉ឺននាក់ចេញពីតំបន់គ្រោះថ្នា.ក់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅបាតសមុទ្ររយៈពេល១សប្តាហ៍មុន ប្រសិនបើរដ្ឋាភិបាលប្រកាសអាសន្នពីគ្រោះរញ្ជួយដីនៅរណ្តៅបាតសមុទ្រនេះដែលមានជម្រៅជាង៧០០គីឡូម៉ែត្រ ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ។

បើមានគ្រោះរញ្ជួយដីកម្រិត៨រិចទ័រកើតឡើង ឬខ្លាំងក្លាជាងនេះនៅតំបន់កណ្តាលដែលបានព្យាករណ៍ទុក គឺរដ្ឋាភិបាលជប៉ុននឹងប្រកាសអាសន្នពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ខណៈអាជ្ញាធរនឹងជម្លៀសពលរដ្ឋនៅតំបន់គ្រោះថ្នាក់ទៅកន្លែងសុវត្ថិភាពរយៈពេល១សប្តាហ៍មុន ។ តំបន់ត្រូវជម្លៀសពលរដ្ឋចេញជាមុន រួមមាន ៖ តំបន់មានមនុស្សចាស់ តំបន់ជនពិការ តំបន់មានពលរដ្ឋត្រូវការថែទាំជាពិសេស និងតំបន់ដែលពលរដ្ឋសុំជម្លៀសចេញ ។
.png)
ភ្នាក់ងារឧតុនិយមជប៉ុននឹងប្រកាសអាសន្នពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចាប់ពីកម្រិត៨រិចទ័រឡើងទៅ ហើយភ្នាក់ងារឧតុនិយមបញ្ជាក់ថា ជប៉ុនអាចប្រឈមនឹងគ្រោះរញ្ជួយដីកើតឡើងម្តងទៀត ។ រដ្ឋាភិបាលជប៉ុនបានអំពាវនាវឱ្យអាជ្ញាធរហ្វឹកហាត់ជម្លៀសពលរដ្ឋជានិច្ចដើម្បីត្រៀមខ្លួនទប់ទល់គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដែលអាចកើតឡើង ។
Nankai Trough គឺជាបាតសមុទ្រមានជម្រៅរហូតដល់ជាង៧០០គីឡូម៉ែត្រ ដែលត្រូវបានចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់ប្រឈមនឹងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិខ្លាំងបំផុតនៅប្រទេសជប៉ុន ។ កាលពីមុន បរិវេណនេះធ្លាប់កើតគ្រោះរញ្ជួយដីខ្លាំងក្លាម្តងហើយម្តងទៀត ដូចជា ៖ គ្រោះរញ្ជួយដីនៅឆ្នាំ១៩៤៤ ស្មើ៨.១រិចទ័រ និងឆ្នាំ១៩៤៦ ស្មើ៨.៤រិចទ័រ ដែលហេតុការណ៍ទាំងពីរបណ្តាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់ ។

បើតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ គឺឱកាសចាប់ពី៧០% ទៅ៨០% ដែលរណ្តៅ Nankai Trough នៅបាតសមុទ្រអាចកើតគ្រោះរញ្ជួយដីខ្លាំងក្លាម្តងទៀតក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។ បើកើតគ្រោះរញ្ជួយដីចាប់ពីកម្រិត៨រិចទ័រនៅណ្តៅនេះ វានឹងបង្កជារលកយក្សស៊ូណាមិកម្ពស់ខ្ពស់ជាច្រើនម៉ែត្របោកបក់មកលើឆ្នេរខ្សាច់យ៉ាងរហ័ស ។ ដូច្នេះ គួរជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ទៅកន្លែងសុវត្ថិភាព ជាពិសេស មនុស្សចាស់ និងជនពិការ ។
គ្រោះរញ្ជួយដីនៅរណ្តៅបាតសមុទ្រ Nankai Trough អាចកើតឡើងគ្រប់ពេលវេលា ហើយរដ្ឋាភិបាលជប៉ុនមើលឃើញថា ការជម្លៀសពលរដ្ឋជាមុន និងការហ្វឹកហាត់ជម្លៀសពលរដ្ឋជាប្រចាំ នឹងអាចការពារជីវិតពលរដ្ឋរហូតដល់ជាង១២០លាននាក់នៅទូទាំងប្រទេស ៕










