អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើការបង្រ្កាបចំណុចអូរព្រំដែនក្រោយផ្ទះរបស់ប្រជាជននៅស្រុកម៉ាឡៃ ដែលមានការនាំចូលទំនិញពីប្រទេសថៃចូលកម្ពុជាជាហូរហែរ ព្រមទាំងជាច្រកកាត់នាំពលករចូលប្រទេសថៃដោយខុសច្បាប់ថែមទៀតផង។ ក្នុងការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ដែលជាម្ចាស់ទីតាំង និងរថយន្តចំនួនមួយគ្រឿង នារសៀលថ្ងៃទី២២ សីហា ២០២៥។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ និងលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានចុះបង្រ្កាបករណីនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជាកាត់តាមអូរព្រំដែនក្រោយផ្ទះពលរដ្ឋចំណុច ភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះឃុន អឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្ថិតនៅក្នុងតំបន់ខាងលើ។

ជាមួយនឹងការឃាត់បានជនពាក់ព័ន្ធ និងរថយន្តដឹកទំនិញឆ្លងដែនខុសច្បាប់នេះ សមត្ថកិច្ចពុំបានបញ្ជាក់លំអិតអំពីមុខទំនិញទេដោយត្រឹមបង្ហើបថា មានជាប្រភេទសាច់បង្កកដូចជាសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។ .jpg)
បើតាមប្រភពនានាបានឱ្យដឹងថា ទំនិញទាំងអស់ខាងលើនេះ ត្រូវបានឈ្មួញនាំចូលជាប្រចាំតាំងពីថៃប្រកាសបិទច្រកព្រំដែន។ មិនត្រឹមតែមានទំនិញនាំចូលទេ ក៏មានការនាំចេញជាទំនិញបារី និងមនុស្សជាពលករខ្មែរថៃឆ្លងដែនចេញចូលស្ទើររាល់ថ្ងៃដោយមិនថា សមត្ថកិច្ចកម្ពុជា ឬ ថៃទេតែងបង្ក្រាបបានជាបន្តបន្ទាប់ចំពោះព្រំដែនស្រុកម៉ាឡៃនេះ។ .jpg)
ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួយទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថយន្តអាសុីណាពណ៌សមួយគ្រឿង និង ទំនិញទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។
គួរជម្រាបថា ចាប់តាំងពីមានការហាមឃា.ត់នាំចូលទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងការធ្វើពហិការឈប់ទិញទំនិញថៃរបស់ពលរដ្ឋកម្ពុជាត្រឹមរយៈពេល១ខែ ពោលគឺចាប់ពីខែកក្កដាមក តម្លៃនៃការនាំចូលទំនិញថៃ មកកាន់ទីផ្សារកម្ពុជា មានត្រឹមតែប្រមាណ ១៦៦លានដុល្លារ បានដាំក្បាលចុះ ៤៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ហើយទំនោរធ្លាក់ចុះនេះ ត្រូវបានគេរំពឹងថា នឹងអាចបន្ដកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ៕










