សុីសាកេត៖ ម្ចាស់ហាងទំនិញ 7/11 នៅខេត្តសុីសាកេត ដែលរងការទម្លាក់គ្រាប់បែ.ក កំពុងស្នើសុំជំនួយជាបន្ទាន់ពីរដ្ឋាភិបាលដើម្បីជួសជូលហាង និងបើកប្រាក់ខែឲ្យបុគ្គលិក ខណៈចាប់តាំងពីការប៉ះទង្គិចគ្នាជាមួយកម្ពុជារហូតមកទល់នឹងពេលនេះ វារយៈពេលជិត1ខែទៅហើយ ប៉ុន្តែគាត់ទទួលបានត្រឹមសន្យាខ្យល់។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា៖ លោកស្រី Kamolrat Phonsalert ម្ចាស់ហាង7/11 ស្ថិតក្នុងស្រុក Kantharalak ខេត្ត Sisaket ដែលទទួលរងការខូចខាតទាំងស្រុងដោយសារគ្រាប់បែ.ក BM-21 ដែលថៃចោ.ទថាជារបស់កម្ពុជា បានចេញមកទទូចសុំជំនួយជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈគាត់ត្រូវរុះរើហាងផង និងសងថ្លៃប្រាក់ខែឲ្យបុគ្គលិកប្រចាំថ្ងៃផង ប៉ុន្តែមិនទាន់ទទួលបានជំនួយអ្វីសោះ។.png)
លោកស្រី Kamolrat បានបង្ហើបថា៖ ទោះជាហាងបិទក៏ដោយ ប៉ុន្តែគាត់នៅតែត្រូវបន្តបើកប្រាក់ឈ្នួលឲ្យបុគ្គលិក ប្រហែល 50,000 បាតក្នុងមួយថ្ងៃ (ប្រហែល 1,400$) សម្រាប់បុគ្គលិកគ្រប់ផ្នែក។ លោកស្រីបន្តថា៖ ប្រសិនបើសាងសង់ហាងឡើងវិញ គាត់នឹងត្រូវចំណាយពេលដល់ទៅ 4ខែ ហើយបន្ទុកហិរញ្ញវត្ថុនឹងកាន់តែធ្ងន់សម្រាប់គាត់។ ចំណែកការចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រង គឺនៅតែមិនអាចរកដោះស្រាយបាន រីឯរដ្ឋាភិបាលក៏មិនទាន់ផ្តល់ការគាំទ្រច្បាស់លាស់ណាមួយនៅឡើយទេ។.png)
លោកស្រីក៏បានបញ្ជាក់ផងដែរថា៖ របាយការណ៍របស់រដ្ឋាភិបាលដែលថានឹងផ្តល់សំណង២៥លានបាត (ប្រហែលជាង 76មុឺនដុល្លារ) គឺជារឿងមិនពិតទេ។ តួលេខនោះគ្រាន់តែជាការប៉ាន់ប្រមាណនៃការខូចខាតសរុប រួមទាំងទ្រព្យសម្បត្តិ និងប្រាក់ដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យតែប៉ុណ្ណោះ។ តែតាមពិតទៅមិនទាន់មានជំនួយពីរដ្ឋាភិបាលនៅឡើយទេ។

ម្ចាស់រូបនេះបានជំរុញឱ្យរដ្ឋាភិបាលផ្តល់ចម្លើយច្បាស់លាស់សម្រាប់គាត់ និងផ្ដល់ការគាំទ្រដល់អ្នករស់នៅតាមព្រំដែន ដែលបន្តរស់នៅក្រោមស្ថានភាពតានតឹងផ្លូវចិត្ត និងការលំបាកផ្នែកហិរញ្ញវត្ថុឲ្យបានដឹតដល់ផង។ ដោយលោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជននៅតំបន់ទាំងនោះនៅតែមានការភ័យខ្លាច សូម្បីតែសម្លេងផ្គរលាន់ ចំណែកជីវភាពវិញកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ទាក់ទងនឹងការផ្ទុះនៅទីតាំងខាងលើនេះ រដ្ឋាភិបាលថៃបានចោ.ទប្រកាន់ថា វាគឺជាស្នាដៃរបស់កម្ពុជា ដែលប្រើប្រាស់អាវុ.ធ BM-21 បំផ្លោងមកគោលដៅជនសុីវិលថៃ ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ 7នាក់បានបាត់បង់ជីវិត ច្រើននាក់ផ្សេងទៀតរងរបួស និងខូចខាតទ្រព្យសម្បត្តិយ៉ាងតំណម។ 
ទោះជាយ៉ាងណា មិនមានភស្តុងតាងណាមួយបញ្ជាក់បានថាវាជាស្នាដៃរបស់កម្ពុជានោះទេ តែផ្ទុយទៅវិញមានអ្នកវិភាគជាច្រើនបានរកឃើញភស្តុតាងមួយចំនួន ដែលសង្ស័យថាវាគឺជាការបំផ្ទុះដោយខ្លួនឯងពីសំណាក់យោធាថៃទៅលើជនសុីវិលខ្លួនឯង ប៉ុន្តែទម្លាក់កំហុសមកឲ្យកម្ពុជា។ លើសពីនេះ ដើម្បីទាក់ទាញទំនុកចិត្តរបស់ពលរដ្ឋ រដ្ឋាភិបាលថៃថែមទាំងបានសន្យាថានឹងផ្ដល់សំណងទាំងស្រុង ជូនដល់អ្នករងការខូចខាតទាំងអស់ផងដែរ។ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋថៃជាច្រើនបានអះអាងថាពួកគឺមិនទាន់ទទួលបានជំនួយណាមួយឡើយ ខណៈចម្លើយដែលអាជ្ញាធរផ្ដល់មកនៅតែមានភាពមិនច្បាស់លាស់៕










