ប្រទេសថៃ ៖ កងទ័ពថៃបានបាក់ទឹកចិត្តជាបន្តបន្ទាប់ក្រោយពីត្រូវបានមេទ័ពបញ្ជូនមកតំបន់ព្រំដែនដើម្បីឈ្លានពានកម្ពុជា ខណៈថ្មីៗនេះ កងទ័ពថៃម្នាក់ឈរជើងនៅព្រំដែនតានតឹងផ្លូវចិត្តខ្លាំងពេករត់ចោលជួរ និងបា.ញ់រះចំនួន១២គ្រាប់ទៅលើពលរដ្ឋនៅស្រុកកាបឈើង ខេត្តសុរិន្ទ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ រួចហើយរត់គេច និងធ្វើអត្ត.ឃាតខ្លួនឯង ។ លើសពីនេះ កងទ័ពថៃមួយចំនួនទៀតវង្វេងស្មារតីមានវិបត្តិផ្លូវចិត្ត និងបង្ហោះសារបែបនេះពេលដឹងថាត្រូវបានបញ្ជូនមកដណ្តើមទឹកដីកម្ពុជា ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃនៅព្រំដែនម្នាក់បានបង្ហោះសារក្នុង TikTok ភ្ជាប់ជាមួយរូបភាពដ៏សោកសៅថា «តើពេលណាទើបមានសន្តិភាព ខ្ញុំនឿយហត់ហើយ» ដែលធ្វើឱ្យពលរដ្ឋថៃផ្តល់កម្លាំងចិត្តយ៉ាងច្រើនដល់កងទ័ពនៅព្រំដែនរូបនេះ ។
វាបានក្លាយជារូបភាពល្បីល្បាញយ៉ាងខ្លាំងនៅពេលកងទ័ពថៃដែលមានឈ្មោះក្នុង TikTok ថា «@kittiphon» សរសេរថា «តើពេលណាទើបមានសន្តិភាព ខ្ញុំនឿយហត់ហើយ» ព្រមទាំងបង្ហោះរូបភាពមានទឹកមុខសោកសៅ និងនឿយហត់ ដោយសារត្រូវមេទ័ពបញ្ជូនមកឈ្លានពានទឹកដីកម្ពុជា ។
កងទ័ពថៃរូបនេះក៏បានអរគុណដល់អ្នកផ្តល់កម្លាំងចិត្តទាំងអស់ ហើយប្រាប់នឹងបំពេញតួនាទីបន្តទៀត បើទោះជាខ្លួនពុំពេញចិត្តនឹងភារកិច្ចនេះក្តី ។ នេះមិនមែនជាករណីតែមួយទេដែលកងទ័ពថៃបបង្ហាញការបាក់ទឹកចិត្តបែបនេះ នៅមានកងទ័ពថៃផ្សេងទៀតក៏បាក់ទឹកចិត្តដូចគ្នាដែរ ដោយសារខ្លួនត្រូវបានបញ្ជូនឱ្យមកឈ្លានពានទឹកដីប្រទេសជិតខាង ពីព្រោះការលោភលន់របស់ថៃ ។
កងទ័ពម្នាក់ទៀតបានបង្ហោះសារក្នុង TikTok ថា អស់កម្លាំងចិត្ត បាត់បង់អ្វីៗគ្រប់យ៉ាងនៅពេលដឹងថា ខ្លួនប្រយុទ្ធជាមួយប្រទេសជិតខាងព្រោះរក្សាទឹកដីតាមផែនទីដែលថៃលួចធ្វើឡើងដោយខ្លួនឯងដើម្បីដណ្តើមយកទឹកដីកម្ពុជា ។ កងទ័ពរូបនេះមានអារម្មណ៍ថា ខ្លួនកំពុងតែប្រព្រឹត្តអំពើបាបយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា កងទ័ពថៃម្នាក់ឈរជើងនៅព្រំដែនតានតឹងផ្លូវចិត្តខ្លាំងពេករត់ចោលជួរ និងបា.ញ់រះចំនួន១២គ្រាប់ទៅលើពលរដ្ឋនៅស្រុកកាបឈើង ខេត្តសុរិន្ទ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ រួចហើយរត់គេច និងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ។ សាច់ញាតិប្រាប់ថា កងទ័ពរូបនេះតានតឹងផ្លូវចិត្តខ្លាំងពេកនឹងការបញ្ជូនឱ្យទៅឈរជើងនៅព្រំដែន និងធ្លាប់ប្រយុទ្ធនៅបរិវេណប្រាសាទតាក្របី កន្លងមក ជនល្មើសបានទូរស័ព្ទប្រាប់សាច់ញាតិចង់ត្រឡប់មកផ្ទះវិញ ៕










