មិនត្រឹមតែមិនព្រមរើបន្លាលួសដែលខ្លួនបានដាក់រាយព័ទ្ធបិទផ្លូវ បិទផ្ទះប្រជាជនកម្ពុជា រំលោ.ភអធិបតេយ្យកម្ពុជាប៉ុណ្ណោះទេ ពេលនេះថៃថែមទាំងហ៊ានអះអាងថា «ច្រកណងចាន់» ដែលជាទឹកដីកម្ពុជា រួមទាំងមានផ្ទះរបស់ប្រជាជនកម្ពុជាផងនោះ ថាជាជំរុំស្នាក់អាស្រ័យដែលថៃធ្លាប់ផ្ដល់ឲ្យជនភៀសខ្លួនកាលពីរបបខ្មែរក្រហម ដែលស្ថិតក្នុងដែនអធិបតេយ្យថៃ ពុំមែនជាទឹកដីរបស់កម្ពុជានោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌ Khaosod នារសៀលថ្ងៃទី18 ខែសីហា ឆ្នាំ2025។
លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បានឆ្លើយតបនឹងបណ្តឹងរបស់ពលរដ្ឋកម្ពុជា ទាក់ទងនឹងការព័ទ្ធរបងលួសរបស់ទាហានថៃ នៅច្រកណងចាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ថា៖ តំបន់ដែលពលរដ្ឋខ្មែរអះអាងថាជាទឹកដីរបស់ខ្លួននោះ ពិតជាស្ថិតនៅក្នុងទឹកដីថៃ ដែលកាលពីមុនថៃធ្លាប់ផ្ដល់ដីនៅតំបន់នោះឲ្យជនភៀសខ្លួនខ្មែរស្នាក់នៅបណ្ដោះអាសន្ន តែអស់រយៈពេលរាប់សិបឆ្នាំក្រោយមក ពលរដ្ឋខ្មេរនៅតំបន់នោះបានបដិសេធការរើរចេញ និងបន្តសាងសង់លំនៅដ្ឋានរស់នៅក្នុងតំបន់នោះ ហើយចាត់ទុកវាថាជាទឹកដីរបស់កម្ពុជា។

លោក Winthai បានគូសបញ្ជាក់ថា ការបដិសេធមិនចាកចេញរបស់ពួកគេ និងការពង្រីកសហគមន៍នោះ បានរំលោភលើ MOU43 ហើយថា រដ្ឋាភិបាលកម្ពុជាមិនបានអើពើនឹងការតវ៉ារបស់ថៃកន្លងមកទាល់តែសោះ។ អ្នកនាំពាក្យរូបនេះបន្តថា ទីតាំងនោះមានឈ្មោះថា បានណងចាន់ ស្ថិតក្នុងឃុំណនម៉ាក់មួន ស្រុកខក់ស៊ុង ខេត្តស្រះកែវ ជាប់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។

លើសពីនេះ លោក Winthai Suvaree បានប្រកាសថ្កោលទោសកម្ពុជា ដោយចោ.ទប្រកាន់ថា កម្ពុជាប្រើប្រាស់ប្រជាជនដើម្បីរំលោ.ភលើអធិបតេយ្យភាពរបស់ថៃ និងស្វែងរកការអាណិតអាសូរពីសហគមន៍អន្តរជាតិ។

គួររំលឹកថា កាលពីថ្ងៃទី12 ខែសីហា ឆ្នាំ2025 ទាហានឈុតប៉ារ៉ាថៃបានលើកគ្នាជាច្រើននាក់មកហ៊ំព័ទ្ធទីតាំងខាងលើនេះ ដោយប្រើប្រាស់ដែកបន្លាលួស និងសំបកកង់ឡាន ដើម្បីបិទផ្លូវ បិតផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ ខណៈសូម្បីតែពលរដ្ឋទាំងនោះស្នើសុំចូលដើម្បីប្រមូលយកសម្ភារៈ ក៏ទាហានថៃមិនព្រមអនុញ្ញាតដែរ។ 
ចំពោះការអះអាងថា តំបន់ខាងលើនេះគឺជាទឹកដីរបស់ខ្លួនដោយសំអាងទៅលើផែនទីដែលគូសជាឯកតោភាគីរបស់ថៃ គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាធ្លាប់បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងបង្គោលព្រំដែនបច្ចុប្បន្ន គឺបង្គោលខាងថៃត្រូវបានផ្លាស់ទីចូលទៅក្នុងទឹកដីកម្ពុជា ដូច្នេះដំណោះស្រាយរយៈពេលវែង ភាគីទាំងពីរត្រូវតែឈានដល់ការបោះបង្គោលព្រំដែនសារជាថ្មី ដែលរួមមានគណៈកម្មាធិការព្រំដែនរួម (JBC) ជាដើម ដើម្បីបញ្ឈប់ការទន្រ្ទានចូលទឹកកម្ពុជាម្ដងហើយម្ដងទៀត ពីសំណាក់យោធាថៃ៕










