ប្រទេសថៃ ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីគំនិតរបស់លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ ដែលថាថៃនឹងបិទព្រំដែនជាមួយកម្ពុជាបន្តទៀតរហូតដល់លោកចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ព្រមទាំងពលរដ្ឋថៃសំណូមពរឱ្យសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺលោក ប៊ុនថាំ ប្រាប់ថា នឹងរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) សិន ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបាននិយាយពីគោលជំហររបស់រដ្ឋាភិបាលថៃរឿងការបើកព្រំដែនកម្ពុជា-ថៃថា នឹងរង់ចាំលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) សិន ទើបរដ្ឋាភិបាលថៃពិចារណាពីរឿងនេះ ។ នាយករដ្ឋមន្ត្រីស្តីទីនិយាយបែបនេះ ក្រោយពីលោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ និយាយថា ថៃនឹងបិទព្រំដែនជាមួយកម្ពុជាបន្តទៀតរហូតដល់លោកចូលនិវត្តន៍ ។

ចំណែកការសំណូមពររបស់ពលរដ្ឋថៃដែលចង់ឱ្យសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនោះ លោក ភូមិថាំ ប្រាប់ថា ៖ «ថៃក៏ត្រូវរង់ចាំលទ្ធផលការចរចាក្នុងកិច្ចប្រជុំ RBC និង GBC ដូចគ្នា ពីព្រោះត្រូវតែអនុវត្តតាមដំណើរការជាជំហ៊ាន ។ ហេតុនេះ របងព្រំដែននឹងសាងសង់ឬក៏អត់ នឹងនិយាយគ្នាម្តងទៀត» ។

ដោយឡែក ក្រសួងការបរទេសថៃបាននាំមន្ត្រីទូតអន្តរជាតិទៅពិនិត្យមើលកន្លែងដែលកងទ័ពថៃជាន់មីនដើម្បីឱ្យអន្តរជាតិឈប់គាំទ្រកម្ពុជា ក្រោយពីថៃចោទកងទ័ពកម្ពុជាបង្កប់មីននោះ លោក ភូមិថាំ និយាយថា ក្រសួងការបរទេសថៃអាចនាំមន្ត្រីទូតទៅពិនិត្យទីកន្លែងដោយផ្ទាល់បាន កន្លងមក ថៃក៏បានតវ៉ារួចហើយ គឺកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ ចាប់ពីពេលនេះ នឹងគ្មានបញ្ហារឿងមីនទៀតទេ បើមានរឿងអ្វីកើតឡើង យើងនឹងចរចាក្នុងកិច្ចប្រជុំ RBC និង GBC ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News កាលពីថ្ងៃទី១៤ ខែសីហា គឺមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីរឿងការបើកច្រកព្រំដែនកម្ពុជា-ថៃថា ថៃពុំទាន់ត្រៀមខ្លួនបើកព្រំដែនឡើងវិញទេ ព្រំដែននឹងបិទបន្តទៀតរហូតដល់លោកចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញា ។ បច្ចុប្បន្ន លោកបានកែសម្រួលការល្បាតនៅព្រំដែនកុំឱ្យកងទ័ពថៃជាន់មីនបន្តទៀត ។

រីឯការសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃ គឺពលរដ្ឋថៃបានជំរុញឱ្យមានការសាងសង់របងយូរហើយ ពលរដ្ឋថៃចោទប្រកាន់ថា ដោយសារកងទ័ពកម្ពុជាល្មើសចូលទឹកដីថៃ ។ ហេតុនេះ របងព្រំដែននឹងអាចបញ្ចប់ការប៉ះទង្គិចផ្សេងៗរវាងកងទ័ពកម្ពុជា-ថៃ ក៏ដូចជាផ្តល់ភាពងាយស្រួលឱ្យកងទ័ពថៃត្រួតពិនិត្យសន្តិសុខព្រំដែន ។ ពលរដ្ឋថៃគាំទ្រការសាងសង់របងព្រំដែន និងចូលរួមផ្តល់ថវិកាសាងសង់របងប្រសិនបើរដ្ឋាភិបាលឯកភាព ៕