ប្រទេសហ្វាំងឡង់ ៖ បើទោះជាហ្វាំងឡង់ជាប្រទេសដែលពលរដ្ឋមានសេចក្តីសុខបំផុតនៅលើពិភពលោក និងជាប្រទេសប្រជាធិបតេយ្យបានអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនក្តី ប៉ុន្តែដោយសារមានជម្លោះព្រំដែនជាមួយរុស្ស៊ីជាប្រទេសជិតខាង ហ្វាំងឡង់បានសាងសង់របងព្រំដែនភ្លាមៗដោយគ្មានភាពស្ទាក់ស្ទើរ និងពុំចាប់អារម្មណ៍ការរិះគន់ពីអន្តរជាតិ ។
.png)
កាលពីឆ្នាំ២០២២ ប្រទេសហ្វាំងឡង់មានជម្លោះជាមួយរុស្ស៊ីជាប្រទេសជិតខាង ហើយនៅឆ្នាំដដែលនេះ រដ្ឋសភាហ្វាំងឡង់ក៏បានអនុម័តច្បាប់សាងសង់របងព្រំដែនជាបន្ទាន់ ។ ក្រោយមក នៅឆ្នាំ២០២៣ ហ្វាំងឡង់បានដំណើរការសាងសង់របងព្រំដែនជំហ៊ានដំបូងស្មើប្រវែង២០០គីឡូម៉ែត្រ ខណៈហ្វាំងឡង់មានព្រំដែនជាប់រុស្ស៊ីសរុបប្រវែង១,៣៤៤គីឡូម៉ែត្រ ក្រោមហេតុផលដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ពីរុស្ស៊ីក្រោយសង្គ្រាម ។
.png)
ហ្វាំងឡង់ជឿជាក់ថា ការសាងសង់របងព្រំដែននេះកើតឡើងដោយសារការជំរុញពីរដ្ឋាភិបាលរុស្ស៊ី ។ តាមទិន្នន័យបញ្ជាក់ថា របងព្រំដែនរវាងហ្វាំងឡង់ និងរុស្ស៊ី មានកម្ពស់ប្រមាណ៤ម៉ែត្រ បំពាក់ដោយបន្លាលួសនៅផ្នែកខាងលើរបង ព្រមទាំងបំពាក់ភ្លើង និងឧបករណ៍បំពងសំឡេង ។ ក្រៅពីនេះ ក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពប្រើប្រាស់បច្ចេកវិទ្យា AI បែងចែករវាងមនុស្ស និងសត្វ ដើម្បីការពារកុំឱ្យកាមេរ៉ាផ្តល់សញ្ញាពុំត្រឹមត្រូវ ។

ការចំណាយប្រាក់សម្រាប់សាងសង់របងព្រំដែនរបស់ហ្វាំងឡង់ គឺស្មើប្រមាណ៤២២លានដុល្លារ ។ រហូតមកដល់ឆ្នាំ២០២៥នេះ ហ្វាំងឡង់បានសាងសង់របងព្រំដែនបានចំនួន៥៣គីឡូម៉ែត្រ និងរំពឹងថា នឹងសាងសង់របងរួចរាល់នៅឆ្នាំ២០២៦ ។
ទោះជាហ្វាំងឡង់បានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសាងសង់របងព្រំដែនក្តី ប៉ុន្តែហ្វាំងឡង់នៅតែចៀសមិនផុតពីការរិះគន់ថា គម្រោងសាងសង់របងព្រំដែនផ្ទុយនឹងអនុសញ្ញាអន្តរជាតិមួយចំនួន ព្រមទាំងធ្វើឱ្យពលរដ្ឋហ្វាំងឡង់មួយចំនួនបារម្ភដោយសារមានក្រុមគ្រួសារនៅរុស្ស៊ី ។
គួរបញ្ជាក់ថា របងព្រំដែនហ្វាំងឡង់-រុស្ស៊ី ដែលមានប្រវែង២០០គីឡូម៉ែត្រនេះ គឺជិតស្មើប្រវែងរបស់ជួរភ្នំដងរ៉ែក ចំនួន៣០០គីឡូម៉ែត្រ ដែលជាព្រំដែនធម្មជាតិរវាងប្រទេសកម្ពុជា និងថៃ ៕










