ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The States Times នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពីមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បង្ហោះហ្វេសប៊ុកសុំប្រាក់ពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់សម្រាប់បំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ ។ លោកថា បើកងទ័ពខ្វះខាតឧបករណ៍ចាំបាច់ផ្សេងៗ សូមប្រាប់មេបញ្ជាការកងទ័ពតាមត្រង់ ពុំចាំបាច់បង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋទេ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្តល់ឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

កងទ័ពភូមិភាគ២ថៃ បានបង្ហោះហ្វេសប៊ុកសុំប្រាក់ពីពលរដ្ឋជួយបរិច្ចាគទិញបន្លាលួសឱ្យកងទ័ពជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត ផ្តល់សុវត្ថិភាពដល់កងទ័ពពេលបំពេញភារកិច្ច និងការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ។ កងទ័ពភូមិភាគ២ សូមការសហការពីពលរដ្ឋជួយគាំទ្រ និងបង្ហាញកម្លាំងសាមគ្គី ដោយពលរដ្ឋអាចផ្ញើប្រាក់សម្រាប់ទិញបន្លាលួសមកកាន់ផ្នែកកិច្ចការស៊ីវិល និងកងកម្លាំងស៊ុណារីដោយផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

កងទ័ពភូមិភាគ២បញ្ជាក់ថា បន្លាលួសមានអង្កត់ផ្ចិតទំហំ១០០សង់ទីម៉ែត្រ គឺកងទ័ពពិបាកស្វែងរកណាស់នៅក្នុងតំបន់ ហើយកងទ័ពក៏ប្រើប្រាស់បន្លាលួសមានអង្កត់ផ្ចិតទំហំ៩០សង់ទីម៉ែត្រជំនួស ។ កងទ័ពភូមិភាគ២ សូមអរគុណការគាំទ្រពីពលរដ្ឋ និងសន្យាបំពេញតួនាទីអស់ពីសមត្ថភាពដើម្បីសុវត្ថិភាពប្រទេសជាតិ និងសន្តិសុខពលរដ្ឋគ្រប់រូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeJSYD8NczZdH3Cb16Q6hLooKTJPaQMxS9dZTXvf00LoCrpiCgJUzG-7F236Uait80BgxkFQDtVSfGMPFfwqMvoztbLF89Qf33LmaNSPkjWVPMGPZDBA5sllqfC3S44Fg9kmOX1R5EA1ctIb9NfSoaLiHMf0te_8De43rp2nPIr7OQ98vEnVRCpsojOZ2Y/s1280/photo_2025-08-12_09-08-01.jpg

បន្ទាប់មក លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានស្នើទៅមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ឈប់សុំប្រាក់ពីពលរដ្ឋជួយទិញបន្លាលួស និងឱ្យកងទ័ពមកសុំប្រាក់ទិញបន្លាលួសពីរដ្ឋាភិបាលវិញ ពីព្រោះរដ្ឋាភិបាលមានប្រាក់គ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png

ដោយឡែក ករណីកងទ័ព និងទាហានឈុតខ្មៅថៃជាន់មីននៅព្រំដែនកម្ពុជា-ថៃ លោក ភូមិថាំ និយាយថា ក្រសួងការបរទេសត្រៀមដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ (UN) ហើយលោកចោទប្រកាន់ថា ពាក្យបណ្តឹងនេះជាការដោះស្រាយបញ្ហាកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ លោកចោទទៀតថា កម្ពុជាមានចេតនាពុំចង់បានសន្តិភាពក្នុងតំបន់ ហេតុនេះ កងទ័ព និងរដ្ឋាភិបាលថៃនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយស្ថានការណ៍ និងជូនដំណឹងទៅពលរដ្ឋជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីស្តីទីក៏បាននិយាយពីពលរដ្ឋថៃរស់នៅព្រំដែនព្រួយបារម្ភពីស្ថានការណ៍ និងជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយលោកសុំឱ្យពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាលអាចផ្តល់ការថែទាំសុវត្ថិភាព ។ ក្រៅពីនេះ លោកអំពាវនាវឱ្យសារព័ត៌មានថៃផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ កុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យពលរដ្ឋភ័យស្លន់ស្លោហួសហេតុ ៕