ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ថៃដែលត្រូវបានសារព័ត៌មានថៃ Matichon ដកស្រង់យកមកផ្សព្វផ្សាយឱ្យដឹងថា ភ្ញៀវទេសចរម៉ាឡេស៊ីនាំគ្នាលុបចោលដំណើរកម្សាន្តមកប្រទេសថៃយ៉ាងច្រើន ពីព្រោះបារម្ភពីជ.នជាតិថៃកាន់តែទំនើង ពុំគោរពច្បាប់ និងដុតភ្ញៀវទេសចរបរទេសទាំងរស់ ។ សមាគមនេះសំណូមពរមកកាន់រដ្ឋាភិបាលថៃត្រូវប្រញាប់កសាងទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ បើពុំចង់ឱ្យចំនួនភ្ញៀវទេសចរមកលេងថៃកាន់តែធ្លាក់ចុះខ្លាំងជាងនេះ ។

ថ្មីៗនេះ មានអតីតកីឡាករប្រដាល់ថៃម្នាក់បាត់បង់ការងាររហូតធ្វើឱ្យតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ក៏បានយកធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន២នាក់ រួចយកដែកកេះមកដុតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងចំណោមហ្វូងមនុស្សនៅទីក្រុងបាងកក ។
រហូតមកដល់ថ្ងៃទី១២ ខែសីហា ភ្ញៀវទេសចរម៉ាឡេស៊ីទាំង២នាក់នៅតែពុំទាន់ធូរស្បើយ និងត្រូវសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបន្តទៀត ។ គ្រូពេទ្យបញ្ជាក់ថា ភ្ញៀវទេសចរម៉ាឡេស៊ីទាំង២នាក់ដែលត្រូវបានអតីតកីឡាករប្រដាប់ថៃដុតទាំងរស់នោះ គឺមានរបួសពេញរាងកាយរហូតដល់៧០% ។.jpg)
លោក ស៊ុមឆាត ផីមថាណាផូនផន អ្នកគ្រប់គ្រងសណ្ឋាគារនៅស្រុកហាតញ៉ៃ ខេត្តសុងក្លា និយាយថា ការដុតភ្ញៀវទេសចរទាំងរស់នេះ គឺជាការបំផ្លាញមុខមាត់វិស័យទេសចរណ៍ថៃ ខណៈថៃបានបាត់បង់ភ្ញៀវទេសចរចិនរួចទៅហើយ ។ ថៃនៅសល់តែភ្ញៀវទេសចរម៉ាឡេស៊ីប៉ុណ្ណោះដែលមកលេងថៃជំនួសភ្ញៀវទេសចរចិន ប៉ុន្តែពេលភ្ញៀវទេសចរម៉ាឡេស៊ីជួបហេតុការណ៍អាក្រក់ត្រូវជនជាតិថៃដុតបែបនេះ វាកាន់តែធ្វើឱ្យថៃខូចមុខមាត់ផ្នែកទេសចរណ៍កាន់តែខ្លាំងថែមទៀត ។ ហេតុនេះ រដ្ឋមន្ត្រីបំពេញតួនាទីផ្នែកទេសចរណ៍គួរតែចេញមកប្រកាសពីបញ្ហាសន្តិសុខ ដើម្បីឱ្យភ្ញៀវទេសចរបរទេសមានទំនុកចិត្តឡើងវិញ ។
ដូចគ្នានេះ លោក វិថាយ៉ា លីម សមាជិកសមាគមមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសុងក្លា និយាយថា សារព័ត៌មានម៉ាឡេស៊ីបានផ្សព្វផ្សាយពីភ្ញៀវទេសចរម៉ាឡេស៊ីត្រូវបានជនជាតិថៃដុតទាំងរស់ រហូតធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ម៉ាឡេស៊ីទូរស័ព្ទមកសាកសួរហេតុការណ៍ថា តើប្រទេសថៃមានសុវត្ថិភាពដែរឬទេ ពីព្រោះភ្ញៀវទេសចរម៉ាឡេស៊ីយ៉ាងច្រើនទាក់ទងមកក្រុមហ៊ុនទេសចរណ៍ដើម្បីលុបចោលដំណើរកម្សាន្តនៅប្រទេសថៃ ។
បច្ចុប្បន្ន ថៃបានក្លាយជាប្រទេសអសន្តិសុខសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារពលរដ្ឋថៃពុំគោរពច្បាប់ ពុំខ្លាចសមត្ថកិច្ច ទើបពួកគេហ៊ានប្រព្រឹត្តទង្វើអាក្រក់មកលើភ្ញៀវទេសចរ ។ លើសពីនេះ ថៃបានបាត់បង់ភ្ញៀវទេសចរចិនដោយសារថៃក្លាយជាទីតាំងការឆបោកអនឡាញ និងជួញដូរមនុស្សដ៏ធំនៅលើពិភពលោក ខណៈរដ្ឋាភិបាលចិនបានអំពាវនាវឱ្យថៃដោះស្រាយបញ្ហានេះ បើពុំដូច្នេះទេ ភ្ញៀវទេសចរចិននឹងឈប់ធ្វើដំណើរមកថៃជារៀងរហូត ៕










