ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ុរុតផាត់ បានលើកឡើងពីការស្តារពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃឡើងវិញ ដោយថៃនឹងរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មី ។ ក្រសួងពាណិជ្ជកម្មថៃនឹងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនៅថៃដើម្បីស្នើសុំដឹកទំនិញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ហើយថៃសង្ឃឹមថា ការដឹកទំនិញតាមផ្លូវនេះនឹងអាចកាត់បន្ថយការចំណាយដើមទុន ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ុរុតផាត់ បាននិយាយនាវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែសីហា អំពីការស្តារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការវាយតម្លៃពីការបើកព្រំដែនឡើងវិញថា ក្រសួងពាណិជ្ជកម្មថៃកំពុងរង់ចាំទិន្នន័យ ហើយមជ្ឈមណ្ឌលដែលថៃបង្កើត ក៏បានផ្តល់ការពិគ្រោះយោបល់រឿងពាណិជ្ជកម្មព្រំដែនដែរ ។ បច្ចុប្បន្ន ផលិតផលទំនើបរបស់ថៃមានគ្រប់គ្រាន់នៅទីផ្សារកម្ពុជា ហើយឈ្មួញថៃក៏បានសម្របខ្លួនមកដឹកជញ្ជូនទំនិញតាមផ្លូវទឹក ផ្លូវអាកាស និងតាមរយៈឡាវ ។.png)
ក្រសួងពាណិជ្ជកម្មថៃគ្រោងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃម្តងទៀត ដើម្បីស្នើសុំដឹកទំនិញថៃចេញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ។ ការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនេះដើម្បីឱ្យដឹងថា តើឡាវនឹងកំណត់ថ្លៃសេវាដូចម្តេច? ថៃសង្ឃឹមការពិភាក្សាជាមួយឡាវនឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញទៅកម្ពុជាក្នុងតម្លៃសមរម្យ ។

បើតាមលោក ចតុផន គឺថៃព្យាយាមរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មីសម្រាប់ឈ្មួញថៃបង្កើនការនាំចេញទំនិញ ។ បច្ចុប្បន្ន ថៃកំពុងវាយតម្លៃស្ថានការណ៍ដើម្បីពិចារណាបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ។ ថៃបានបង្កើតមជ្ឈមណ្ឌលសម្រាប់ប្រមូលទិន្នន័យ និងជជែកពីពាណិជ្ជកម្មតាមព្រំដែនជាបន្តបន្ទាប់ យើងទទួលស្គាល់ថា អាចលក់ផលិតផលទំនើបបានខ្លះនៅកម្ពុជា ខណៈឈ្មួញថៃជាច្រើនដឹកទំនិញទំនិញតាមផ្លូវទឹក និងតាមរយៈឡាវ ជំនួសការដឹកជញ្ជូនតាមផ្លូវគោក ។
គួរបញ្ជាក់ថា ឈ្មួញថៃដែលរកស៊ីនាំចេញទំនិញមកកម្ពុជា បានត្អូញត្អែរពីផលវិបាករបស់ពួកគេពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញមកកម្ពុជាតាមរយៈផ្លូវទឹក និងផ្លូវអាកាស ដោយសារត្រូវចំណាយដើមទុនខ្ពស់ជាងការដឹកតាមផ្លូវគោក ។ ឈ្មួញថៃបានអំពាវនាវទៅរដ្ឋាភិបាលរបស់ខ្លួន និងកងទ័ពម្តងហើយម្តងទៀតឱ្យបើកព្រំដែនឡើងវិញ ពីព្រោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃធ្វើឱ្យថៃខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ បើព្រំដែននៅតែបន្តបិទ ៕










