ប្រទេសថៃ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីទាហានឈុតខ្មៅថៃម្នាក់រងរបួសដាច់ជើងខាងឆ្វេងក្រោយពីដើរជាន់មីននៅបរិវេណប្រាសាទតាមាន់ធំរបស់កម្ពុជា និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយកើតហេតុថា ចំណុចគ្រោះថ្នាក់នៅត្រង់របងលួសផ្នែកខាងលិចប្រាសាទ និងឆ្ងាយពីប្រាសាទប្រមាណ១គីឡូម៉ែត្រ ។ លោកផ្តាំផ្ញើមកកាន់កម្ពុជាថា បើកងទ័ពថៃដើរជាន់មីនបន្តទៀត ថៃចាំបាច់ត្រូវតែប្រើប្រាស់កម្លាំងកងទ័ពប្រឆាំងកម្ពុជា ។
មេបញ្ជាការភូមិភាគ២ លោក ប៊ុនស៊ីន បានចោទប្រកាន់ដោយគ្មានភស្តុតាងថា កងទ័ពកម្ពុជាអាចបង្កប់មីនថ្មីនៅបរិវេណនេះពេលដកថយកម្លាំង ។ នៅថ្ងៃទី១២ ខែសីហា ទាហានឈុតខ្មៅថៃបានចូលមកត្រួតពិនិត្យនៅចំណុចរបងលួស ហើយលោកថា កន្លែងនេះស្ថិតក្នុងទឹកដីថៃដែលកងទ័ពថៃតែងតែដើរល្បាតជាប្រចាំ ។
លោកចាត់ទុកហេតុការណ៍ទាហានឈុតខ្មៅថៃដើរជាន់មីនលើកនេះ គឺជាទង្វើញុះញង់ និងបំពានកិច្ចព្រមព្រៀងលើបទឈប់បាញ់ និងចាត់ទុកថា ការបង្កប់មីនថ្មី គឺជាការប្រើប្រាស់កម្លាំងកងទ័ព មិនខុសគ្នាពីការប្រយុទ្ធក្នុងសមរភូមិសង្គ្រាម ។ កងទ័ពថៃបានរាយការណ៍ហេតុការណ៍ទៅកាន់រដ្ឋាភិបាលរបស់ខ្លួនរួចហើយ ហើយថៃនឹងចាត់វិធានការប្រឆាំងជាមួយកម្ពុជាវិញ ។
ក្រៅពីនេះ ថៃត្រៀមលើកយកបញ្ហាមីនទៅតវ៉ាជាមួយអន្តរជាតិ ដោយមេបញ្ជាការកងទ័ពជើងគោកថៃបានស្នើសុំទិន្នន័យជាបន្ទាន់ ដើម្បីប្រើប្រាស់ក្នុងការតវ៉ាជាមួយកម្ពុជា ។ ថៃនឹងពិភាក្សាពីបញ្ហាកងទ័ពខ្លួនចេះតែដើរខុសផ្លូវជាន់មីន ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ជាមួយកម្ពុជា ហើយលោក ប៊ុនស៊ីន ជឿថា កម្ពុជានឹងពុំទទួលស្គាល់ ឬពុំសហការជាមួយថៃក្នុងការដោះមីននៅព្រំដែន ដែលធ្វើឱ្យកងទ័ពថៃរងរបួសពេលដើរល្បាត ។
លោក ប៊ុនស៊ីន បានផ្តាំផ្ញើមកកម្ពុជាថា ប្រសិនបើកងទ័ពថៃនៅតែដើរជាន់មីនបែបនេះបន្តទៀត ហើយកម្ពុជាពុំសហការក្នុងការដោះមីនទេនោះ ថៃចាំបាច់ត្រូវតែប្រឆាំងជាមួយកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព ដោយសារកងទ័ពថៃមានតួនាទីបំពេញភារកិច្ចនៅព្រំដែន ។ រីឯការចរចាបទឈប់បាញ់នឹងដំណើរការស្របគ្នាជាមួយការរក្សាសន្តិសុខរបស់ថៃយ៉ាងតឹងរ៉ឹង ។
គួរបញ្ជាក់ថា ថៃនៅតែប្រើប្រាស់ល្បិចចាស់ដដែលៗដើម្បីរកលេសឈ្លានពាន និងបង្កសង្គ្រាមជាមួយកម្ពុជា ។ នៅមុនពេលកងទ័ពថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន គឺពេលនោះ កងទ័ពថៃក៏បានចោទប្រកាន់បែបនេះដែរថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួនធ្វើឱ្យកងទ័ពថៃជាន់មីនជាបន្តបន្ទាប់ ។ ពេលនេះ ថៃយកល្បិចចាស់មកប្រើប្រាស់ម្តងទៀតដើម្បីឈ្លានពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាបានគោរពកិច្ចព្រមព្រៀងឈប់បាញ់ ។
ស្ថានការណ៍បែបនេះ តើអ្នកណាទៅដឹងថា កងទ័ព និងទាហានឈុតខ្មៅថៃបានដើរជាន់មីនពិតប្រាកដ ឬកុហក? វាអាចជាឆាកសម្តែងដើម្បីរៀបចំល្បិចកលឈ្លានពានកម្ពុជា ក្រោមលេសជាន់មីន ។ កងទ័ពថៃតែងតែព្យាយាមញុះញាង់បង្ករឿងជាបន្តបន្ទាប់ ដូចជា ៖ ប្រើប្រាស់ជំពាមកៅស៊ូបាញ់កូនឃ្លី និងដុំដែកចូលទឹកដីកម្ពុជា ប៉ុន្តែកម្ពុជានៅតែរក្សាភាពអត់ធ្មត់ ។ ហេតុអ្វីកងទ័ពថៃពុំបង់បោះគំនិតបង្កសង្គ្រាមជាមួយប្រទេសជិតខាង? ហេតុអ្វីមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងចេះតែបង្កបញ្ហាឥតឈប់?










